ជំងឺអេបូឡានៅកុងហ្គោ សម្លាប់មនុស្សជាង ២,៣០០នាក់ ក្លាយជាការផ្ទុះរាលដាលដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រប្រទេស
ការផ្ទុះរាលដាលនៃជំងឺអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានសម្លាប់មនុស្សចំនួន ២,៣២៥នាក់ ដោយលើសចំនួនអ្នកស្លាប់ក្នុងការផ្ទុះរាលដាលកាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ និងក្លាយជាការផ្ទុះជំងឺអេបូឡាដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។

វិទ្យាស្ថានជាតិសុខភាពសាធារណៈរបស់កុងហ្គោ បានឱ្យដឹងក្នុងរបាយការណ៍ចុងក្រោយកាលពីថ្ងៃអាទិត្យថា ចំនួនករណីឆ្លងដែលបានបញ្ជាក់បានកើនដល់ ៤,៩៤៥ករណី ក្នុងនោះមានករណីថ្មីចំនួន ១០១ករណី ត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។
លោក Tom Fletcher ប្រធានផ្នែកកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានព្រមានថា៖ «ការផ្ទុះរាលដាលនេះកំពុងកើនឡើងលឿនបំផុតមិនធ្លាប់មានក្នុងកំណត់ត្រា។ យើងត្រូវការល្បឿន ទំហំឆ្លើយតប និងសាមគ្គីភាព មុនពេលវីរុសនេះរីករាលដាលហួសពីសមត្ថភាពគ្រប់គ្រងរបស់យើង»។
នេះជាការផ្ទុះជំងឺអេបូឡា លើកទី១៧ នៅកុងហ្គោ ហើយចំនួនអ្នកស្លាប់បច្ចុប្បន្នបានលើសកំណត់ត្រា ២,២៩៩នាក់ ក្នុងការផ្ទុះរាលដាលឆ្នាំ២០១៨-២០២០ ដែលធ្លាប់ជាការផ្ទុះដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេស។
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ក៏បានព្រមានថា ប្រសិនបើការឆ្លងបន្តក្នុងល្បឿនបច្ចុប្បន្ន ការផ្ទុះនេះអាចឈានដល់កម្រិតធ្ងន់ធ្ងរជាងការផ្ទុះអេបូឡានៅអាហ្វ្រិកខាងលិចចន្លោះឆ្នាំ២០១៤-២០១៦ ដែលបានសម្លាប់មនុស្សជាង ១១,០០០នាក់។
ការផ្ទុះបច្ចុប្បន្នបង្កឡើងដោយវីរុសអេបូឡាប្រភេទ Bundibugyo ដែលបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលដែលទទួលបានការអនុម័តនៅឡើយ។ ការរាតត្បាតបានកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីត្រូវបានប្រកាសនៅថ្ងៃទី១៥ ខែឧសភា ខណៈប្រព័ន្ធសុខាភិបាលនៅមានភាពទន់ខ្សោយ តំបន់រងគ្រោះស្ថិតនៅដាច់ស្រយាល និងមានជម្លោះបន្តកើតឡើងនៅក្បែរព្រំដែនជាមួយស៊ូដង់ខាងត្បូង អ៊ូហ្គង់ដា និងរវ៉ាន់ដា ដែលបង្កការលំបាកដល់ប្រតិបត្តិការទប់ស្កាត់ជំងឺ។
ទន្ទឹមនឹងនេះ អត្រាស្លាប់ក្នុងចំណោមករណីឆ្លងដែលបានបញ្ជាក់បានកើនពីប្រមាណ ២០% នៅដើមខែមិថុនា ដល់ ៤៦% មានន័យថា ស្ទើរតែម្នាក់ក្នុងចំណោមអ្នកឆ្លងពីរនាក់បានស្លាប់។
អ្នកជំនាញសុខភាពសាធារណៈបានបង្ហាញក្ដីបារម្ភថា អ្នកជំងឺជាច្រើននៅតែត្រូវបានរកឃើញយឺតពេល ដែលធ្វើឱ្យឱកាសព្យាបាលជោគជ័យថយចុះ ខណៈករណីមួយចំនួនត្រូវបានរកឃើញក្រោយអ្នកជំងឺបានស្លាប់នៅក្នុងសហគមន៍រួចទៅហើយ។
បច្ចុប្បន្ន វ៉ាក់សាំង និងវិធីព្យាបាលសាកល្បងមួយចំនួនកំពុងត្រូវបានវាយតម្លៃ ខណៈអាជ្ញាធរសុខាភិបាលពិភពលោកកំពុងសិក្សាថា តើថ្នាំព្យាបាលអេបូឡាដែលមានស្រាប់អាចមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសប្រភេទនេះដែរឬយ៉ាងណា។
ប្រភព៖ Aljazeera











