សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា នឹងធានាមិនឱ្យតំបន់សេដ្ឋកិច្ចពិសេសណាមួយ ត្រូវបានក្រុមឧក្រិដ្ឋជនប្រើប្រាស់ជាមូលដ្ឋានក្នុងការឆបោក និងប្រព្រឹត្តបទល្មើសឆ្លងដែនឡើយ!


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងពង្រឹងការត្រួតពិនិត្យ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាមិនឱ្យតំបន់សេដ្ឋកិច្ចពិសេសណាមួយនៅកម្ពុជា ត្រូវបានក្រុមឧក្រិដ្ឋជនកេងប្រវ័ញ្ចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ប្រព្រឹត្តសកម្មភាពខុសច្បាប់។

ការបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Bloomberg ដោយឆ្លើយតបទៅនឹងក្តីបារម្ភថា ក្រុមឧក្រិដ្ឋជនមួយចំនួនបានប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសនៅតាមប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមូលដ្ឋានប្រតិបត្តិការសម្រាប់សកម្មភាពឆបោក និងបទល្មើសឆ្លងដែន។

សម្តេចធិបតីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានណែនាំដល់ស្ថាប័នសន្តិសុខ អាជ្ញាធរមូលដ្ឋាន និងអ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ឱ្យបង្កើនការប្រុងប្រយ័ត្ន ពង្រឹងការត្រួតពិនិត្យ និងធានាថា គ្មានទីតាំងណាមួយត្រូវបានប្រើប្រាស់ដើម្បីបម្រើដល់សកម្មភាពឧក្រិដ្ឋកម្មឡើយ។

សម្តេចបានគូសបញ្ជាក់ថា៖ «ប្រសិនបើរកឃើញថា តំបន់សេដ្ឋកិច្ចពិសេសណាមួយបានផ្តល់ការបិទបាំង ឬគាំទ្រដល់សកម្មភាពឆបោកបែបឧក្រិដ្ឋកម្ម តំបន់នោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដូចអង្គភាពដទៃទៀតដែរ»។

ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាមិនទាន់រកឃើញភស្តុតាងណាមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធរបស់តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ទៅនឹងសកម្មភាពឧក្រិដ្ឋកម្មទាំងនោះឡើយ។

សម្តេចធិបតីក៏បានសង្កត់ធ្ងន់ថា កម្ពុជាបន្តប្តេជ្ញាការពារភាពស្អាតស្អំ កិត្យានុភាព និងទំនុកចិត្តលើតំបន់សេដ្ឋកិច្ចពិសេស ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស បង្កើតឱកាសការងារ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។