ប្រធានក្រុមអេស្ប៉ាញ Rodri ឈ្នះពានកីឡាករល្អបំផុតប្រចាំ FIFA World Cup 2026
អ៊ីស្ត រូធើហ្វដ៖ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ Rodri បានឈ្នះពានរង្វាន់ Golden Ball ក្នុងនាមជាកីឡាករល្អបំផុតប្រចាំការប្រកួត FIFA World Cup 2026 បន្ទាប់ពីដឹកនាំក្រុមអេស្ប៉ាញយកឈ្នះអាហ្សង់ទីនក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៩ ខែកក្កដា។


ក្នុងនាមជាខ្សែបម្រើវ័យ ៣០ឆ្នាំរបស់ក្លិប Manchester City ដែលធ្លាប់ឈ្នះពាន Ballon d’Or ឆ្នាំ២០២៤ បានសារភាពថា រូបលោក និងមិត្តរួមក្រុមនៅមិនទាន់ជឿថា អាចក្លាយជា”ជើងឯកពិភពលោក”នៅឡើយ។ លោកបាននិយាយថា៖ «ខ្ញុំរកពាក្យមកពណ៌នាអារម្មណ៍របស់ខ្ញុំមិនបានទេ។ យើងហាក់ដូចជាកំពុងស្ថិតនៅក្នុងសុបិនមួយអញ្ចឹង»។
ជាមួយគ្នានោះលោក Rodri បានរំលឹកពីអំឡុងពេលដ៏លំបាកក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីរងរបួសដាច់សរសៃពួរជង្គង់ (ACL) អំឡុងការប្រកួតឱ្យ Manchester City ទល់នឹង Arsenal កាលពីខែកញ្ញា ឆ្នាំ២០២៤ ហើយទើបតែវិលត្រឡប់មកការប្រកួតផ្លូវការវិញនៅខែឧសភា ឆ្នាំ២០២៥។
លោកបានបន្តថា៖ «វាជាពេលវេលាដ៏លំបាកបំផុតមួយ។ ខ្ញុំចង់ឱ្យយុវជនជំនាន់ក្រោយមើលឃើញថា នៅពេលអ្នកដួល អ្នកក៏អាចក្រោកឈរឡើងវិញបានដែរ។ នេះគឺជាទស្សនវិជ្ជាជីវិតរបស់ខ្ញុំ។ ពេលខ្លះ អ្វីៗដំណើរការល្អ ប៉ុន្តែពេលខ្លះក៏មិនល្អដូចគ្នា។»
ដោយឡែក មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Rodri បានលើកទឹកចិត្តមិត្តរួមក្រុមឱ្យលេងដោយភាពក្លាហាន និងមិនភ័យខ្លាចគូប្រកួត។ លោកបានបន្តថា៖ «ខ្ញុំបានប្រាប់មិត្តរួមក្រុមថា យើងត្រូវតែប្រឈមមុខនឹងការប្រកួតដោយភាពក្លាហាន។ យើងត្រូវសម្លឹងមើលគូប្រកួតចំភ្នែក ហើយលេងឱ្យអស់ពីសមត្ថភាព។ បន្ទាប់មក ត្រូវគិតថា តើយើងសមនឹងក្លាយជាជើងឯកពិភពលោកឬអត់?៕
ប្រភព៖ FIFA















