|

រដ្ឋបាលខេត្តកំពង់ស្ពឺ ណែនាំភ្ញៀវទេសចរ និងពលរដ្ឋ ដែលមានបំណងដើរកំសាន្តតំបន់ខ្នងផ្សារ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកហូរធ្លាក់ពីលើភ្នំ ដែលអាចគ្រោះថ្នាក់ជាយថាហេតុ


នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្ដីណែនាំពីការត្រៀម បង្ការ ទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុចំពោះភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរកំសាន្តទៅលើតំបន់ ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងនោះរដ្ឋបាលខេត្តកំពង់ស្ពឺ បានរលឹកថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បណ្តាល ឱ្យមានទឹកហូរធ្លាក់ពីលើតំបន់ភ្នំយ៉ាងគំហុក ដែលធ្វើឱ្យមានការលំបាកដល់បងប្អូនភ្ញៀវទេសចរណ៍ឡើង និងចុះពីលើតំបន់ទេសចរណ៍ខ្នងផ្សារ ជាក់ស្តែងបច្ចុប្បន្នអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានជួយសម្របសម្រួល ជូនភ្ញៀវទេសចរណ៍បានចុះមកដល់ខាងក្រោមវិញ ប្រកបដោយសុវត្ថិភាព។

ដោយឡែក ពាក់ព័ន្ធនឹងស្ថានភាព និងអាកាសធាតុប្រែប្រួលនេះ ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះថ្នាក់ ជាយថាហេតុផ្សេងៗទាន់ពេលវេលា រដ្ឋបាលខេត្តកំពង់ស្ពឺ បានសំណូមពរដល់ភ្ញៀវទេសចរណ៍ បងប្អូនប្រជា ពលរដ្ឋ និងសហគមន៍ទេសចរណ៍ទាំងអស់ ដែលមានបំណងអញ្ជើញទៅកំសាន្តនៅលើតំបន់ទេសចរណ៍ ខ្នងផ្សារ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកភ្លៀងដែលកំពុងបន្តធ្លាក់ខ្លាំង។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ