ខេត្តបាត់ដំបង ត្រៀមខ្លួនបង្ហាញសក្តានុពលផលិតផលខ្មែរ ក្នុង «ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើឆ្នាំ២០២៦» រយៈពេល ១០ ថ្ងៃ!
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងកំពុងជំរុញ ការរៀបចំ «ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦ » ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច និងយកព្រឹត្តិការណ៍ផ្លែឈើនេះ ជាស្មារតីរួមគ្នាផ្សព្វផ្សាយពីផលិតផលក្នុងស្រុក។
រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខលូ បានដឹកនាំសកម្មភាពក្រុមអនាម័យចល័តក្រុងបាត់ដំបង កាត់តុបតែងដើមឈើតាមផ្លូវលេខ១ ដាំជួសកូនឈើ បោសសម្អាតតាមកាត់ស្មៅច្រាំងស្ទឹងសង្កែ និងតាមសួនច្បារ និងតាមទីតាំងសំខាន់ៗជាប្រចាំ ដើម្បីត្រៀមអបអរសាទរ«ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦» (Battambang Fruits Event 2026)។









ដោយឡែក ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំការហាត់សមក្បួនដង្ហែផ្លែឈើតំណាងក្រុង-ស្រុកទាំង ១៤ ក្នុង«ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦ »។ ក្នុងនោះ ក៏មានការរៀបចំធ្វើប៊ូហ្វេទុរេន៖ រយៈពេល ៣ ថ្ងៃ (ថ្ងៃទី១០–១២ ខែកក្កដា ឆ្នាំ២០២៦) សម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ។
ជាក់ស្ដែងយោងតាមសាររបស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំណែនាំដល់ម្ចាស់ចំការ និងអាជីវករដែលលក់ដូរក្នុងស្ដង់ត្រូវលក់ដូរក្នុងតម្លៃសមរម្យ មិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃឡើយ។ ជាពិសេស ត្រូវទប់ស្កាត់ការយកទុរេនពីប្រភពដែលមិនច្បាស់លាស់មកលក់ដូរជិតទីតាំងកម្មវិធីព្រឹត្តិការណ៍ផ្លែឈើដែលអាចធ្វើឱ្យប៉ះពាល់ដល់គោលបំណងចម្បងនៃព្រឹត្តិការណ៍គឺលើកកម្ពស់ផលិតផលក្នុងស្រុក មុនបើកកម្មវិធីព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ។
ជាងនេះទៅទៀត អភិបាលនៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦នេះ នឹងមានសកម្មភាពសំខាន់ៗជាច្រើនរួមមាន៖ ពិព័រណ៍ និងលក់ផ្លែឈើប្រចាំខេត្តបាត់ដំបង ក្បួនដង្ហែផ្លែឈើតំណាងក្រុង ស្រុកទាំង១៤ ក្នុងខេត្ត កម្មវិធីបុហ្វេទុរេន និងការភ្លក្សរសជាតិផ្លែឈើបាត់ដំបង ការតាំងបង្ហាញផលិតផលកសិកម្ម និងផលិតផលក្នុងស្រុក កម្មវិធីសិល្បៈវប្បធម៌ និងការប្រគុំតន្ត្រី ការប្រកួតប្រជែង និងសកម្មភាពកម្សាន្តផ្សេងៗជាច្រើនទៀត។ ដោយឡែក ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងក្នុង និងខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង៕















