ក្រសួងបរិស្ថាន ចុះបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងបានឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦!


ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ ក្រសួងបរិស្ថាន បានចុះអនុវត្តច្បាប់ ពង្រឹងប្រព័ន្ធធនធានធម្មជាតិនៅទូទាំងប្រទេសកម្ពុជា និងបានធ្វើសកម្មភាពល្បាតចំនួន ៥ ៣៣៨ លើក បង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន៨៩៦ករណី មានជាអាទ៍បទល្មើសព្រៃឈើ ចំនួន ២៩៣ករណី បទល្មើសសត្វព្រៃចំនួន ២២៦ករណី បទល្មើសកាប់រុករានទន្ទ្រានដីរដ្ឋចំនួន ២៤២ករណី បទល្មើសនេសាទ ចំនួន ១២៦ករណី និងបទល្មើសធនធានរ៉ែ ៩ករណី។

ជាមួយគ្នានេះ ក្រុមការងារបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន ៦៨ សំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការ ចំនួន ៤៣នាក់។ ក្រុមការងារបានដកហូតមធ្យោបាយប្រព្រឹត្តបទល្មើស រួមមានរណាយន្តចំនួន២២៨គ្រឿង គោយន្ត ចំនួន១៨គ្រឿង ម៉ូតូចំនួន៣៣គ្រឿង និងគ្រឿងយន្តមួយចំនួនទៀត។ លើសពីនេះក្រុមការងារបានចាប់យកវត្ថុតាងប្រព្រឹត្តបទល្មើស រួមមានកាំភ្លើងកែច្នៃចំនួន៨៦ ដើម មានគ្រប់១៥គ្រាប់ អាវុធ ៤ដើម គ្រាប់៥១គ្រប់ អន្ទាក់ឆក់ចំនួន១ ២២៥ម៉ែត្រ និងអន្ទាក់ខ្សែមានចំនួន១១ ២២០ ខ្សែ។

យ៉ាងណាមិញ ក្រសួងបរិស្ថានបានបន្តពង្រឹងការល្បាត ការពារព្រៃឈើ និងសត្វព្រៃ នៅតាមតំបន់ការពារធម្មជាតិទាំង៧៣កន្លែង។ កំណត់សញ្ញាណទីតាំងដែលមានការដុតបំផ្លាញ ការកាប់ឈើ ឬការឈូសឆាយដីខុសច្បាប់ ពង្រឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ត្រូវបានដាក់ចេញនូវការគ្រប់គ្រង អភិរក្ស និងការពារធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

ប្រភព៖ Ministry of Environment