ក្រសួងការងារ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ចុះហត្ថលេខាលើគម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារសកល
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជាបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី “គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា” នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។



គោលបំណងសំខាន់ គឺពង្រីកគោលដៅបណ្តុះបណ្តាលកម្លាំងពលកម្មនៅកម្ពុជាឱ្យកាន់តែមានជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការពង្រឹងសមត្ថភាពប្រព័ន្ធ TVET នៅវិទ្យាស្ថាន TVET ចំនួន ៣ គឺ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)។
បន្ថែមពីនេះ គម្រោងនេះក៏ជួយពង្រឹងសមត្ថភាពដល់វិទ្យាស្ថាន TVET ដែលត្រូវបានជ្រើសរើស ស្របតាមតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដូចជា ការបង្កើត និងអនុវត្តយន្តការសហប្រតិបត្តិការរវាងឧស្សាហកម្ម និងស្ថាប័នអប់រំ ការធ្វើបច្ចុប្បន្នភាពព័ត៌មានតម្រូវការទីផ្សារការងារជាប្រចាំ ការអភិវឌ្ឍកម្មវិធីសិក្សា និងសម្ភារបង្រៀនផ្អែកលើតម្រូវការ ការពង្រឹងសមត្ថភាពបច្ចេកទេស និងវិធីសាស្ត្របង្រៀនរបស់គ្រូបង្រៀន TVET ការកែលម្អ និងធ្វើទំនើបកម្មបរិក្ខារសិក្សាសម្រាប់ការអនុវត្តជាក់ស្តែង។
ដោយឡែក គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សនិងពលករកម្ពុជា ព្រមទាំងនិយោជកកូរ៉េដែលត្រូវការកម្លាំងពលកម្មដែលមានជំនាញនិងសមត្ថភាពផងដែរ។
យ៉ាងណាមិញ ឯកឧត្តមរដ្ឋមន្រ្តីក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង បង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានាពេលកន្លងមក រួមទាំងសមិទ្ធផលចុងក្រោយនេះ ជាពិសេស ជួយធ្វើឱ្យ KOICA បានពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងផ្សេងៗ មិនត្រឹមតែជាមួយក្រសួងការងារប៉ុណ្ណោះទេ ដែលជាការរួមចំណែកដ៏មានន័យចំពោះការអភិវឌ្ឍរបស់កម្ពុជា។ ក្រសួងការងារនឹងបន្តអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ និងរង់ចាំស្វាគមន៍ពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹង KOICA នាពេលអនាគតបន្តទៀត៕
ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ












