|

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ចាស់) ត្រៀមបើកដំណើរការ ឲ្យពលរដ្ឋចូលទស្សនាកម្សាន្ត ដោយឥតគិតថ្លៃ នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ!


នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រងនិង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ក.ស.អ.) បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកដំណើរការសាកល្បង ជាសួនសាធារណៈ ជូនសាធារណជន ចូលទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួមអបអរសាទរក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឱ្យឃើញច្បាស់ពីស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។

ជាមួយគ្នានេះដើម្បីឱ្យដំណើរការបើកសាកល្បងនេះ ប្រព្រឹត្តទៅដោយជោគជ័យ, រក្សាបាននូវសន្តិសុខ, សុវត្ថិភាព, សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងធានានូវសោភ័ណភាពល្អជូនប្រជាពលរដ្ឋទាំងអស់, ក.ស.អ. បានបើកសាកល្បងនេះ រយៈពេល ៩ ថ្ងៃ គឺ ចាប់ពីថ្ងៃសៅរ៍ ទី១១ រហូតដល់ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលចាប់ពីម៉ោង ៥:០០ ព្រឹក ហើយត្រូវចាកចេញនៅម៉ោង ៩:០០ យប់។

យ៉ាងណាមិញ ក្រុមការងារអន្តរក្រសួង បានហាមដាច់ខាតមិនឱ្យមានការលក់ដូរ, មិនឱ្យមានការយកចូលនិងពិសាគ្រឿងស្រវឹង និងមិនឱ្យមាន ការយកចូលនិងប្រើប្រាស់កាំជ្រួចនិងគ្រឿងផ្ទុះនានា នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។

ក្នុងន័យនេះ ក.ស.អ. បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញមកចូលរួមទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ ឱ្យបានច្រើនកុះករ ក្នុង ស្មារតីសាមគ្គីភាព ឯកភាព និងភាតរភាព។

ប្រភព៖ AKP