រាជរដ្ឋាភិបាល សម្រេចចាត់ជាបន្ទុករបស់រដ្ឋ ចំពោះអាករលើតម្លៃបន្ថែម (VAT) នៃការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងថ្លៃ ប្រេងម៉ាស៊ូត និងឧស្ម័ន LPG លើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានបន្តដាក់ចេញនូវវិធានការបន្ថែមទៀតដោយចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម (រដ្ឋទទួលបន្ទុក ជំនួសចំនួន១០% ទាំងស្រុង) ចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG។

ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា សហគ្រាសនាំចូល និងចែកចាយបន្ត ដែលធ្វើការផ្គត់ផ្គង់ក្នុងស្រុកនូវផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG ត្រូវចេញវិក្កយបត្រអាករចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ប៉ុន្តែមិនត្រូវគិតអាករទេដោយលើវិក្កយបត្រអាករត្រូវប្តូរ “អាករលើតម្លៃបន្ថែមអត្រា១០%” ទៅជា “អាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ”។
ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ















