អង្គការ NASA ត្រៀមរួចរាល់ សម្រាប់ការបាញ់បង្ហោះអវកាសយានិក Artemis 2 ធ្វើដំណើរជុំវិញឋានព្រះច័ន្ទ នៅថ្ងៃទី១ ខែមេសា ខាងមុខនេះ!
អង្គការ NASA បានបញ្ជាក់ថា បេសកកម្ម Artemis 2 នៅតែបន្តស្ថិតលើផែនការកំណត់គោលដៅ ដើម្បីបាញ់បង្ហោះនៅថ្ងៃពុធ ទី 1 ខែមេសា ដើម្បីដឹកអវកាសយានិកធ្វើដំណើរជុំវិញព្រះច័ន្ទ។ មន្ត្រី NASA បានអះអាងថា បច្ចុប្បន្នមិនមានបញ្ហាបច្ចេកទេសណាមួយដែលអាចគំរាមកំហែងដល់ការបាញ់បង្ហោះនោះទេ។


មន្ត្រីគ្រប់គ្រងបេសកកម្ម បានឲ្យដឹងថា អំឡុងពេលធ្វើប្រតិបត្តិការ មានការរកឃើញបញ្ហាតូចៗមួយចំនួនប៉ុណ្ណោះ ប៉ុន្តែទាំងអស់នោះ ស្ថិតក្រោមការត្រួតពិនិត្យ និងមិនមានផលប៉ះពាល់ដល់ការបាញ់បង្ហោះឡើយ។
គួរឲ្យដឹងថា ការបាញ់បង្ហោះនឹងធ្វើឡើងនៅម៉ោងនៅថ្ងៃទី១ មេសា ប៉ុន្តែប្រសិនបើមានការពន្យារពេល នឹងអាចមានឱកាសបាញ់បង្ហោះម្ដងទៀតនៅថ្ងៃទី៦ ខែមេសាវិញ។
ទោះយ៉ាងណា បញ្ហាសំខាន់បំផុតដែលអាចប៉ះពាល់ដល់ការបាញ់បង្ហោះនៅថ្ងៃនោះ គឺអាកាសធាតុ ដោយមានហានិភ័យប្រមាណ ២០% នៃការរំខានដោយសារពពក cumulus នៅស្រទាប់បរិយាកាស។
លោកស្រី Lori Glaze បានថ្លែងថា ក្រុមការងារទាំងអស់ រួមមានប្រព័ន្ធយានអវកាស ប្រព័ន្ធដី ក្រុមបាញ់បង្ហោះ និងក្រុមប្រតិបត្តិការ បានត្រៀមរួចរាល់សម្រាប់បេសកកម្មនេះ។ លោកស្រីបានបន្ថែមថា ក្រុមអវកាសយានិកក៏បានមកដល់ទីតាំងបាញ់បង្ហោះ និងបានត្រៀមខ្លួនយ៉ាងពេញលេញផងដែរ។
គួរបញ្ជាក់ផងដែរថា បេសកកម្ម Artemis 2 នឹងក្លាយជាបេសកកម្មប្រវត្តិសាស្រ្ត ដែលមានមនុស្សបើកដំបូងគេ ក្នុងកម្មវិធី Artemis ដោយដឹកអវកាសយានិក NASA ចំនួនបីនាក់ និងអវកាសយានិកមកពីទីភ្នាក់ងារអវកាសកាណាដាមួយនាក់ រួមមាន Reid Wiseman, Victor Glover, Christina Koch និង Jeremy Hansen។ ដូចគ្នាដែរ បេសកកម្មនេះមានរយៈពេលប្រហែល ១០ថ្ងៃ ដោយធ្វើដំណើរជុំវិញព្រះច័ន្ទក្នុងគន្លងរាងលេខ ៨ មុនត្រឡប់មកផែនដីវិញ។
យ៉ាងណាមិញ យានអវកាស Orion នឹងមិនចូលគន្លងជុំវិញព្រះច័ន្ទទេ ប៉ុន្តែបើកជុំវិញផ្នែកខាងក្រោយនៃព្រះច័ន្ទ ហើយប្រើគន្លងបែបបង្វិលចូលគ្នា ដើម្បីត្រឡប់មកផែនដីវិញ។ បេសកកម្ម នេះត្រូវបានគេចាត់ទុកថា ជាការសាកល្បងដ៏សំខាន់សម្រាប់ប្រព័ន្ធ Orion បន្ទាប់ពីបេសកកម្ម Artemis 1 ដែលបានធ្វើដោយគ្មានមនុស្សបើកដូចគ្នា នៅឆ្នាំ ២០២២ ទទួលបានជោគជ័យ។
ប្រសិនបើបេសកកម្មនេះជោគជ័យ វានឹងបើកផ្លូវសម្រាប់ Artemis 3 ដែលមានគោលដៅនាំយកមនុស្សចុះចតលើព្រះច័ន្ទវិញ បន្ទាប់ពីអស់រយៈពេលជាង ៥០ឆ្នាំ ចាប់តាំងពីការចាប់ផ្ដើមកម្មវិធី Apollo។
ដោយឡែក មន្ត្រី NASA បានបញ្ចប់ដោយអះអាងថា «យើងបានត្រៀមខ្លួនរួចរាល់ហើយ ហើយយើងក៏កាន់តែជិតដល់គោលដៅជាងមុនទៀត»។
ប្រភព៖ SPACE















