| |

ក្រសួងអប់រំ ជំរុញឲ្យគ្រប់សាកលវិទ្យាល័យអនុវត្តបច្ចេកវិទ្យាឌីជីថល ដើម្បីបោះជំហានទៅមុខ ក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងវិស័យអប់រំនៅកម្ពុជា


​នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ University Management System” របស់សាកលវិទ្យាល័យវ៉ាន់ដា ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

​ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ប្រព័ន្ធនេះនឹងផ្តល់នូវប្រព័ន្ធឌីជីថលដែលមានភាពច្នៃប្រឌិត និងងាយស្រួលដំណើរការដល់គ្រប់គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា។ ការចូលមកប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យនឹងផ្តល់ឱកាសឱ្យសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត ចូលរួមកសាងសមត្ថភាព ក្រេបយកចំណេះដឹង អត្ថប្រយោជន៍អំពីបច្ចេកវិទ្យាឌីជីថលជាអតិបរមា និងលើកកម្ពស់វិស័យបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែមានភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា។

ដោយឡែក ​ឯកឧត្តមបណ្ឌិត ក៏បន្ថែម ដោយលើកទឹកចិត្តឱ្យនៅតាមបណ្ដាសាកលវិទ្យាល័យទាំងអស់នៅក្នុងប្រទេសកម្ពុជាយកចិត្តទុកដាក់បន្ថែមទៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅតាមសាលារបស់ខ្លួន។ ឯកឧត្តមបានកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យវ៉ាន់ដាដែលបោះជំហានយ៉ាងសំខាន់ក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងវិស័យអប់រំនេះ។

ប្រភព៖ MoEYS