| |

នាវាពិឃាតអង់គ្លេស HMS Dragon ចាប់ផ្ដើមដាក់ពង្រាយនៅសមុទ្រមេឌីទែរ៉ាណេខាងកើត ដើម្បីពង្រឹងសន្តិសុខ ក្រោយរងការគំរាមកំហែងពីអ៊ីរ៉ង់!


នាវាពិឃាតអង់គ្លេស HMS Dragon បានមកដល់តំបន់សមុទ្រមេឌីទែរ៉ាណេខាងកើត បីសប្តាហ៍ហើយ បន្ទាប់ពីមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ លើមូលដ្ឋានទ័ពអាកាសអង់គ្លេស RAF Akrotiri នៅលើកោះ Cyprus។

រដ្ឋមន្ត្រីក្រសួងការពារជាតិចក្រភពអង់គ្លេស John Healey បានថ្លែងប្រាប់សមាជិកសភាថា នាវាពិឃាតប្រភេទ Type 45 ខាងលើ នឹងចាប់ផ្តើមដំណើរការសមាហរណកម្មប្រតិបត្តិការ ដើម្បីគាំទ្រការការពារជាតិនៅស៊ីប ចាប់ពីយប់ថ្ងៃចន្ទទៅ។

យោងតាមព័ត៌មាន រដ្ឋាភិបាលចក្រភពអង់គ្លេស United Kingdom បានប្រឈមមុខនឹងការរិះគន់ចំពោះភាពយឺតយ៉ាវក្នុងការដាក់ពង្រាយនាវាចម្បាំងទៅកាន់តំបន់នេះ បន្ទាប់ពីប្រទេសក្រិក និងបារាំងបានចាប់ផ្តើមបញ្ជូនកម្លាំងគាំទ្របន្ថែមទៅកាន់ស៊ីប បន្ទាប់ពីការវាយប្រហារនោះ។

ជាមួយគ្នានេះ លោក Healey ក៏បានលើកឡើងពីរបាយការណ៍ដែលថា អ៊ីរ៉ង់បានព្យាយាមធ្វើការវាយប្រហារលើមូលដ្ឋានរួមរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនៅលើកោះ Diego Garcia ក្នុងកោះ Chagos Islands ផងដែរ។

ដោយឡែក លោកក៏បានបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេសមិនមាន ការវាយតម្លៃថា ប្រទេសនេះកំពុងត្រូវបានកំណត់ជាគោលដៅដោយផ្ទាល់នៅក្នុងទឹកដីអង់គ្លេសទេ ហើយបានអះអាងថា ចក្រភពអង់គ្លេសមានធនធាន និងសម្ព័ន្ធភាពគ្រប់គ្រាន់ក្នុងការធានាសុវត្ថិភាពជាតិខ្លួនឯង។

តាមការបញ្ជាក់ បច្ចុប្បន្នមានបុគ្គលិកការពារដែនអាកាសបន្ថែមប្រមាណ ៥០០ នាក់ ត្រូវបានដាក់ពង្រាយនៅស៊ីប ខណៈដែលកងកម្លាំងអង់គ្លេសកំពុងសហការជិតស្និទ្ធជាមួយសាធារណរដ្ឋស៊ីប និងសម្ព័ន្ធមិត្តរួមមានសហរដ្ឋអាមេរិក បារាំង និងក្រិក ដើម្បីពង្រឹងសន្តិសុខក្នុងតំបន់។

គួរបញ្ជាក់ថា នាវា HMS Dragon ត្រូវបានបំពាក់ប្រព័ន្ធមីស៊ីល Sea Viper ដែលអាចស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក និងមីស៊ីល ហើយត្រូវបានគេដឹងថានឹងដើរតួនាទីសំខាន់ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធ និងផលប្រយោជន៍របស់ចក្រភពអង់គ្លេសនៅតំបន់មជ្ឈិមបូព៌ា។

ជាមួយគ្នានេះ លោក Healey បានលើកឡើងថា នាយករដ្ឋមន្ត្រីអង់គ្លេសបានអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានយោធា សម្រាប់កងកម្លាំងសហរដ្ឋអាមេរិក ដើម្បីអនុវត្តការវាយប្រហារការពារលើគោលដៅយោធារបស់អ៊ីរ៉ង់ ដែលត្រូវបានចោទថាបានគំរាមកំហែងដល់ច្រកសមុទ្រ Strait of Hormuz។

ជាងនេះទៅទៀត រដ្ឋាភិបាលអង់គ្លេស បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ដើម្បីធានាឲ្យនាវាពាណិជ្ជកម្មអាចធ្វើដំណើរបានដោយសេរី និងមានទំនុកចិត្តឡើងវិញ។

ប្រភព៖ The Guardians