| |

អូស្ត្រាលី បញ្ជូនយន្តហោះស៊ើបការណ៍ និងមីស៊ីលទៅអារ៉ាប់រួម ដោយបញ្ជាក់ថា “មិនមានផែនការចូលរួមក្នុងសង្គ្រាមអ៊ីរ៉ង់ទេ”!


នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រកាសថា ប្រទេសអូស្ត្រាលីនឹងបញ្ជូនយន្តហោះស៊ើបការណ៍ ដែលស្តុកមីស៊ីលអាកាសទៅប្រទេសអារ៉ាប់រួម (UAE) ដើម្បីជួយការពារជនជាតិអូស្ត្រាលី និងជនស៊ីវិលក្នុងតំបន់ដែលមានស្ថានភាពតានតឹងខ្ពស់ពីការគំរាមកំហែងរបស់អ៊ីរ៉ង់។

យន្តហោះ E-7 Wedgetail របស់អូស្រ្តាលី នឹងផ្តល់សមត្ថភាពឈ្លបយកការណ៍ និងតាមដានអាកាស ជាមួយប្រព័ន្ធរ៉ាដារឆ្ងាយ និងប្រព័ន្ធទំនាក់ទំនងទិន្នន័យ ដើម្បីធានាសុវត្ថិភាពដែនអាកាសខាងលើឈូងសមុទ្រក្នុងរយៈពេលបួនសប្តាហ៍ដំបូង។ អូស្ត្រាលីនឹងបញ្ជូនមនុស្សប្រមាណ ៨៥ នាក់ដើម្បីជាផ្នែកមួយនៃប្រតិបត្តិការនេះ។

លោក Albanese បានបញ្ជាក់ថា អូស្ត្រាលី មិនមានផែនការចូលរួមសកម្មភាពវាយលុកប្រឆាំងអ៊ីរ៉ង់ និងមិនដាក់ពង្រាយកងទ័ពក្នុងប្រទេសអ៊ីរ៉ង់ទេ។ ប្រតិបត្តការនេះគឺមានគោលបំណងការពារជនជាតិអូស្ត្រាលី និងសហការីក្នុងតំបន់តែប៉ុណ្ណោះ។

ទោះបីជាការប្រកាសនេះ ជាការពង្រឹងសុវត្ថិភាពដល់ប្រជាជនប្រទេសអូស្ត្រាលីក្ដី ក្រុមគណបក្សបៃតង និងសមាជិកសភាអូស្ត្រាលីបានបង្ហាញការព្រួយបារម្ភថា វាអាចនាំឱ្យប្រទេសអូស្ត្រាលី ទាញចូលទៅក្នុងជម្លោះមជ្ឈិមបូព៌ា។

លោក Albanese បានលើកទឹកចិត្តថា រដ្ឋាភិបាលកំពុងតាមដានស្ថានភាពបន្ទាន់ ដើម្បីធានាសុវត្ថិភាពរបស់ជនជាតិអូស្ត្រាលី និងបញ្ជាក់ថា ប្រទេសអូស្ត្រាលីមានជនជាតិប្រមាណ ១១៥,០០០ នាក់នៅមជ្ឈិមបូព៌ា និងប្រហែល ២៤,០០០ នាក់នៅ UAE។

ក្រសួងការបរទេស និងពាណិជ្ជកម្មអន្តរជាតិ បានផ្តល់សេវាកម្មគាំទ្រសម្រាប់ជនជាតិអូស្ត្រាលីនៅបារ៉ែន អ៊ីរ៉ង់ អ៊ីស្រាអែល គុយវ៉ែត លីបង់ កាតា និងអារ៉ាប់រួម ដោយក្រសួងបានណែនាំឱ្យជនជាតិអូស្ត្រាលី ប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរទៅប្រទេសដែលមានការគំរាមកំហែងខ្ពស់។

ប្រភព៖ The Guardian