សមាជិកសភាថៃ អំពាវនាវឲ្យពន្លឿនការស្រង់កប៉ាល់ដឹកទំនិញដែលលិចនៅ Phuket ដោយព្រមានពីផលប៉ះពាល់សេដ្ឋកិច្ចនិងបរិស្ថាន
ក្រោយពីកប៉ាល់ដឹកទំនិញមួយមានទង់ជាតិប៉ាណាម៉ា បានលិចនៅថ្ងៃទី៨ ខែកុម្ភៈ កន្លងទៅនេះ សមាជិកសភាជាប់ឆ្នោតភូកេត មណ្ឌលលេខ២ លោកChalermpong Saengdee បានអំពាវនាវឱ្យអាជ្ញាធរពន្លឿនការជួយសង្គ្រោះយ៉ាងឆាប់រហ័ស ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់សេដ្ឋកិច្ច និងបរិស្ថាន។
គួរបញ្ជាក់ថា កប៉ាល់ដែលលិចបានបង្កការលេចធ្លាយប្រេង និងការផ្លាស់ទីកុងតឺន័រចូលទៅក្នុងសមុទ្រ ធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីផលប៉ះពាល់លើធនធានសមុទ្រ និងប្រព័ន្ធអេកូឡូស៊ី។




ជាមួយគ្នានោះ លោកChalermpong Saengdee បានលើកឡើងថា អាជ្ញាធរដូចជា កងទ័ពជើងទឹកRoyal Thai Navy និងនាយកដ្ឋានសមុទ្រ កំពុងរៀបចំការបង្រ្កាប និងស្តារឡើងវិញ ប៉ុន្តែមិនទាន់មានកាលកំណត់ច្បាស់លាស់សម្រាប់បញ្ចប់ប្រតិបត្តិការនោះទេ។
ដោយឡែក សមាជិកសភាបានអំពាវនាវឱ្យមានសកម្មភាពផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះម្ចាស់កប៉ាល់ ដើម្បីធានាការទទួលខុសត្រូវលើឧប្បត្តិហេតុ និងស្តារស្ថានភាពបរិស្ថាន ជាពិសេសលើប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ ជាងនេះទៅទៀត លោកបានព្រមានថា ភាពមិនប្រាកដប្រជាយូរអង្វែង និងទំនាក់ទំនងមិនល្អអាចប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ និងសេដ្ឋកិច្ចទេសចរណ៍របស់Phuket។
ប្រភព៖ Thai Requirer











