គ្រូបង្រៀនស្ម័គ្រចិត្តបារាំងអន្តរជាតិដែលមានសមត្ថភាពចំនួន ១៣រូប មកបំពេញភារកិច្ចនៅតាមបណ្ដាគ្រឹះស្ថានអប់រំនៅកម្ពុជា!
នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Rennie Yotova ប្រធានផ្នែកអប់រំភាសាបារាំង នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងការទទួលស្វាគមន៍វត្តមានគ្រូបង្រៀនស្ម័គ្រចិត្តបារាំងអន្តរជាតិ នៃកម្មវិធីបម្លាស់ទីគ្រូបង្រៀនស្ម័គ្រចិត្តបារាំងអន្តរជាតិ។



ជាមួយគ្នានោះ លោកស្រី Rennie Yotova បានលើកឡើងថាកម្មវិធីបម្លាស់ទីគ្រូបង្រៀនស្ម័គ្រចិត្តបារាំងអន្តរជាតិ ជាកម្មវិធីដ៏ល្អមួយរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីចាប់តាំងពីឆ្នាំ២០២០ និងក្នុងឆ្នាំ២០២៦នេះ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបានជ្រើសរើសគ្រូបង្រៀនស្ម័គ្រចិត្តបារាំងអន្តរជាតិដែលមានសមត្ថភាពចំនួន១៣រូប មកបំពេញភារកិច្ចនៅតាមបណ្ដាគ្រឹះស្ថានអប់រំ ក្នុងគោលដៅលើកកម្ពស់ការបង្រៀន និងរៀនភាសាបារាំង តាមរយៈសកម្មភាព ការបណ្ដុះបណ្ដាល ការបង្កើតក្លឹបសិក្សាភាសាបារាំង សកម្មភាពសិល្បៈ និងវប្បធម៌នានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់គ្រូ និងសិស្ស។
ដោយឡែក ឯកឧត្តម ក៏បានគូសបញ្ជាក់ថា វត្តមានរបស់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត មិនត្រឹមតែជួយពង្រឹងសមត្ថភាពភាសាបារាំងដល់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពអន្តរជាតិ និងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការត្រៀមលក្ខណៈរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។
ប្រភព៖ MoEYS











