លោក សោម រតនា ៖ «កម្មវិធីដើរដើម្បីសន្តិភាព គឺផ្តោតសំខាន់លើអត្ថន័យខ្លឹមសារនៃការរៀបចំ ជាជាងចំនួនអ្នកចូលរួម»
នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើមរៀបចំកម្មវិធី «ដើរដើម្បីសន្តិភាព» ក្នុងគោលបំណងបង្ហាញស្មារតីស្រលាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញអោយមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀមសំដៅសម្រេចបានសន្តិភាពព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ នេះបើតាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។


បើតាមប្រសាសន៍ លោក សោម រតនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈស.ស.យ.ក. បានបញ្ជាក់ឱ្យដឹងថា ដំណើរព្យុហយាត្រាដើម្បីសន្តិភាពនៅថ្ងៃនេះ ធ្វើឡើងដើម្បីបង្ហាញពីបំណងប្រាថ្នារបស់កម្ពុជា ក្នុងការចង់បាននូវសុខសន្តិភាព។ កម្ពុជាចង់បានសន្តិភាព គឺដោយសារកម្ពុជាមិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំងសងខាងឡើយ ព្រោះនេះជាអ្វី ដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចហើយ។

ឆ្លើយតបជាមួយអ្នកសារព័ត៌មានទាក់ទងនឹងចំនួនអ្នកចូលរួម លោក សោម រតនា បានលើកឡើងថា បើទោះជាយើងមានការអំពាវនាវឲ្យមានការចូលរួមពីសាធារណៈជន ប៉ុន្តែពិធីនេះ មិនផ្តោតសំខាន់លើចំនួនមនុស្សច្រើន ឬតិចឡើយ។ លោកសង្កត់ធ្ងន់ថា «កម្មវិធីដើរដើម្បីសន្តិភាព គឺផ្តោតសំខាន់លើអត្ថន័យខ្លឹមសារនៃការរៀបចំ ជាជាងចំនួនអ្នកចូលរួម»។ អ្វីដែលសំខាន់គឺ ផ្តោតលើការផ្ញើសារជាសម្លេងរួម ជូនទៅពិភពលោក ក៏ដូចជាប្រជាជនថៃ ដែលស្រលាញ់សន្តិភាព អំពីបំណងប្រាថ្នាពិតរបស់ប្រជាជនកម្ពុជា។


សូមជម្រាបជូនថា ដំណើរព្យុហយាត្រាដើម្បីសន្តិភាព នឹងចាប់ផ្តើមពីទីតាំងបរិវេណផ្សាររាត្រី នារសៀលម៉ោង ៣:០០នាទីរសៀលនេះ រួចធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ដោយនឹងមានការប្រារព្ធពិធីថ្លែងសារនៅទីនោះផងដែរ។















