មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STINL) បង្កើតឡើង ដើម្បីលើកកម្ពស់គុណភាព និងស្តង់ដាផលិតផលកម្ពុជា
មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) ត្រូវបានសម្រេចបង្កើតជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានឈ្មោះជាភាសាអង់គ្លេស៖ Science, Technology and Innovation National Laboratory (STINL) និង មានឈ្មោះកាត់ជាភាសាខ្មែរ៖ (ម.ជ.វ.ប.ន.) តាមរយៈអនុក្រឹត្យ ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ ចុះហត្ថលេខាដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


មន្ទីរពិសោធន៍ជាតិមានភារកិច្ចសំខាន់ក្នុងការធ្វើតេស្ត និងវិភាគផ្នែករូប គីមីសាស្ត្រ មីក្រូជីវសាស្ត្រ មេកានិក អគ្គិសនី និងអេឡិចត្រូនិក ដើម្បីកំណត់គុណភាព និងលក្ខណៈវិនិច្ឆ័យរបស់ផលិតផល តាមការស្នើសុំ និងតម្រូវការចាំបាច់។ មន្ទីរពិសោធន៍ជាតិ វ.ប.ន. ក៏មានភារកិច្ចសិក្សាស្រាវជ្រាវ ធ្វើតេស្ត ឬវិភាគផ្សេងៗ ដែលបម្រើដល់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ បន្ថែមពីនេះ ក៏សហប្រតិបត្តិការជាមួយមន្ទីរពិសោធន៍នៃស្ថាប័នជាតិ អន្តរជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា ដើម្បីឆ្លើយតបនឹងតម្រូវការផងដែរ។



ជាមួយបរិក្ខារទំនើបៗតាមបច្ចេកវិទ្យាចុងក្រោយ និងក្រុមបុគ្គលិកជំនាញដែលមានបទពិសោធន៍ខ្ពស់ មន្ទីរពិសោធន៍ជាតិ វ.ប.ន. ផ្តល់សេវាធ្វើតេស្ដវិភាគចម្បង ៤ ប្រភេទ រួមមាន៖
-មន្ទីរពិសោធន៍មីក្រូជីវសាស្ត្រ (MBL)
-មន្ទីរពិសោធន៍គីមីសាស្ត្រម្ហូបអាហារ (FCL)
-មន្ទីរពិសោធន៍គីមីសាស្ត្រមិនមែនម្ហូបអាហារ (NFCL)
-មន្ទីរពិសោធន៍គីមីសាស្ត្រទឹក (WCL)

សេវាកម្មទាំងនេះមានគោលបំណង គាំទ្រធុរកិច្ចឱ្យអាចបំពេញតាមលក្ខខណ្ឌតម្រូវស្តង់ដាជាតិ និងអន្តរជាតិ និងជួយពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុកឱ្យឈានទៅកាន់ទីផ្សារបរទេស។




នេះជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាព និងស្តង់ដាផលិតផលជាតិ ឱ្យឈានទៅកម្រិតអន្តរជាតិ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស។















