កិច្ចព្រមព្រៀងសន្តិភាពGaza របស់លោក Trump គឺជាការបើកផ្លូវសម្រាប់ការដោះលែងចំណាប់ខ្មាំង និងអ្នកទោសក្រោយសង្គ្រាមអុីស្រាអែល
ទីក្រុងវ៉ាស៊ីនតោន – ថ្ងៃពុធទី ៩ តុលា ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់ ដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងសន្តិភាពសម្រាប់តំបន់ហ្គាហ្សា ដែលនឹងបើកផ្លូវឱ្យមានការដោះលែងចំណាប់ខ្មាំង និងអ្នកទោសជាច្រើន។

យោងតាមកិច្ចព្រមព្រៀងនេះ អ្នកទោសប៉ាឡេស្ទីនចំនួន២៥០ នាក់ និងប្រជាជន Gazans ប្រហែល ១៧០០ នាក់ ដែលត្រូវបានឃុំខ្លួនដោយកងកម្លាំងអ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម នឹងត្រូវបានដោះលែង។ ទោះជាយ៉ាងណា ប្រភពពីក្រុមហាម៉ាសបានប្រាប់ BBC ថា ពួកគេមិនទាន់ទទួលបានបញ្ជីចុងក្រោយនៃអ្នកទោសទាំងអស់ទេ ដោយការពន្យារពេលនេះទាក់ទងនឹងសម្ពាធផ្ទៃក្នុងអ៊ីស្រាអែលចំពោះអត្តសញ្ញាណអ្នកដែលត្រូវដោះលែង។
កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានបន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែលអនុម័ត ដែលស្ថិតក្នុងការរំពឹងថានឹងកើតឡើងប្រហែលម៉ោង ១៤:០០ នៅទីក្រុងហ្សេរុយសាឡឹម។ បន្ទាប់មក អ៊ីស្រាអែលនឹងអនុញ្ញាតឱ្យរថយន្តជំនួយប្រមាណ ៤០០ គ្រឿងចូលតំបន់ហ្គាហ្សារៀងរាល់ថ្ងៃក្នុងរយៈពេល ៥ថ្ងៃដំបូង ហើយនឹងបន្តកើនឡើងបន្តិចម្តងៗ។
លោក Trump បានជជែកជាមួយលោក Sean Hannity នៅលើទូរទស្សន៍ Fox News ថា កិច្ចព្រមព្រៀងនេះជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពរឹងមាំ និងជារៀងរហូត។ លោកបានបន្តថាថា “Gaza នឹងក្លាយជាកន្លែងដែលមានសុវត្ថិភាពជាងមុន ហើយនឹងត្រូវបានសាងសង់ឡើងវិញ នោះប្រទេសជិតខាងនឹងចូលរួមជួយស្ថាបនាឡើងវិញ ដោយសារតែពួកគេមានទ្រព្យសម្បត្តិ និងចង់ឃើញសន្តិភាពកើតឡើង”។
ក្នុងអំឡុងពេលនោះដែរ លោក Trump ក៏បាននិយាយអំពីអ៊ីរ៉ង់ថា ប្រទេសនោះ “ប្រហែលជាមានពេលមួយខែទៀតដើម្បីទទួលបានអាវុធនុយក្លេអ៊ែរ” ហើយបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពនេះអាចនឹងពិបាកអនុវត្ត ប្រសិនបើអ៊ីរ៉ង់មានសមត្ថភាពនុយក្លេអ៊ែរ។ ទោះយ៉ាងណា លោកបាននិយាយថា អ៊ីរ៉ង់ “បានស្ថាបនាដល់កិច្ចព្រមព្រៀងនេះ” និងអាចចូលរួមក្នុងស្ថានភាពសន្តិភាពជាបន្តបន្ទាប់។
ភាគីក្រុមហាម៉ាស ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់អំពីកិច្ចព្រមព្រៀង ដោយនិយាយថា វានឹង “បញ្ចប់សង្គ្រាមនៅហ្គាហ្សា និងដោះលែងចំណាប់ខ្មាំង និងធានាការដកទ័ពទាំងស្រុង”។ ពួកគេបានអរគុណចំពោះប្រទេសកាតា អេហ្ស៊ីប តួកគី និងលោក Trump សម្រាប់តួនាទីសម្របសម្រួល យ៉ាងណាមិញក្រុមហាម៉ាសបានអំពាវនាវឱ្យអាមេរិក និងភាគីពាក់ព័ន្ធធានាឱ្យអ៊ីស្រាអែលគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានអំពាវនាវឱ្យភាគីទាំងអស់គោរពតាមកិច្ចព្រមព្រៀង និងបញ្ចប់ការរងទុក្ខរបស់ប្រជាជន។ លោកបានលើកឡើងថា UN នឹងគាំទ្រការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀង និងជំរុញការផ្តល់ជំនួយមនុស្សធម៌ក្នុងតំបន់ហ្គាហ្សា។
ទោះជាយ៉ាងណា អ្នកវិភាគនយោបាយបានព្រមានថា កិច្ចព្រមព្រៀងនេះនៅតែត្រូវការព័ត៌មានលម្អិតបន្ថែមដើម្បីអនុវត្ត និងតាមដានស្ថានភាពនយោបាយក្រោយសង្គ្រាម រួមទាំងអំពីអនាគតនៃក្រុមហាម៉ាស និងការគ្រប់គ្រងនៅតំបន់ហ្គាហ្សា។
ប្រភព៖ BBC

















