ឧស្សាហកម្មដែកថែបអង់គ្លេស ប្រឈមនឹងវិបត្តិធំបំផុត បន្ទាប់ពីសហភាពអឺរ៉ុបកាត់បន្ថយកូតានាំចូល និងដាក់ពន្ធដែកថែបថ្មី ៥០%
សហភាពអឺរ៉ុប (EU) បានប្រកាសផែនការកាត់បន្ថយកូតាដែកថែបនាំចូល និងដាក់ពន្ធថ្មី ៥០% លើបរិមាណលើសកំណត់ ដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ឧស្សាហកម្មដែកថែបចក្រភពអង់គ្លេស។
ដោយឡែក EU គ្រោងកាត់បន្ថយកូតាគ្មានពន្ធមកត្រឹម ១៨.៤ លានតោនក្នុងមួយឆ្នាំ កាត់ចុះជាង ៤៧% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ ។ ឧស្សាហកម្មដែកអង់គ្លេសបានព្រមានថា វាអាចជាវិបត្តិធំបំផុតដែលឧស្សាហកម្មនេះធ្លាប់ប្រឈម យ៉ាងណាមិញចក្រភពអង់គ្លេសនាំចេញដែកថែបជាង ៧៨% ទៅទីផ្សារក្រៅប្រទេស ដែលក្នុងនោះ EU គឺជាគោលដៅសំខាន់បំផុត មានតម្លៃជិត ៣ ពាន់លានផោន។
ក្នុងគោលការណ៍នេះ លោក Stéphane Séjourné ដែលជា អនុប្រធានគណៈកម្មាធិការអឺរ៉ុប បានបញ្ជាក់ថា វិធានការនេះគឺដើម្បីការពារក្រុមហ៊ុនផលិតក្នុងស្រុក ដែលកំពុងប្រឈមការនឹងប្រកួតប្រជែងមិនស្មើភាព និងការបញ្ចុះតម្លៃពីប្រទេសដូចជា ចិន និងទួរគីជាដើម។ លោកបានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤ មានការបាត់បង់ការងារជាង ១៨០០០ ក្នុងវិស័យដែកថែប។
តាមរយៈសេចក្ដីនេះ ភាគីចក្រភពអង់គ្លេសបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ហើយលោកនាយករដ្ឋមន្ត្រី Sir Keir Starmer ក៏បាននិយាយថា រដ្ឋាភិបាលនឹងផ្តល់ “ការគាំទ្រខ្លាំង” ដល់ឧស្សាហកម្មដែក ខណៈលោក Gareth Stace អគ្គនាយកក្រុមហ៊ុន UK Steel ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយ EU ដើម្បីទទួលបានកូតាដែលច្បាស់លាស់ ឬមិនដូច្នោះទេឧស្សាហកម្មនឹងប្រឈមនឹងគ្រោះមហន្តរាយ។
ដោយឡែក រដ្ឋាភិបាលអង់គ្លេសក៏ បានបញ្ជាក់ថា នឹងពិភាក្សាជាមួយ EU ដើម្បីស្វែងរកដំណោះស្រាយ និងការពារទំនាក់ទំនងពាណិជ្ជកម្ម ដោយបន្តប្រយុទ្ធប្រឆាំងនឹងភាពអយុត្តិធម៌ក្នុងវិស័យដែកថែបនេះ។
ប្រភព៖ BBC












