“អភិបាលរដ្ឋ និងប្រជាជនតាមទីក្រុងធំៗរបស់អាមេរិកបារម្ភខ្លាំង ចំពោះការដាក់ពង្រាយឆ្មាំជាតិ និងសកម្មភាពអន្តោប្រវេសន៍សហព័ន្ធក្រោមរដ្ឋបាល Trump ដែលកំពុងបង្កភាពភ័យខ្លាច និងការរើសអើង”
អភិបាលរដ្ឋ Illinois JB Pritzker បានព្រមានអំពីស្ថានភាពថាអាចនឹងមានការដាក់ពង្រាយកងទ័ពជាតិទៅកាន់ទីក្រុង Chicago បន្ទាប់ពីមានការកើនឡើងនៃសកម្មភាពអន្តោប្រវេសន៍ដោយភ្នាក់ងារសហព័ន្ធ។ ប្រជាជន និងមេដឹកនាំក្នុងទីក្រុងបានបង្ហាញការព្រួយបារម្ភ ដោយពិសេសចំពោះការរើសអើង និងការចាប់ខ្លួនជនអន្តោប្រវេសន៍ក្នុងតំបន់ដែលភាគច្រើនជាសហគមន៍ Latino។
នៅតាមតំបន់ Chicago ភ្នាក់ងារល្បាតព្រំដែនត្រូវបានឃើញកងទ័ពជាច្រើនដើរដង្ហែនៅតំបន់សាធារណៈដូចជា Michigan Avenue និងក្បែរ “Cloud Gate” ឬ “The Bean” ដែលបង្កើនការភ័យខ្លាចដល់អ្នកស្រុក។
ចំពោះរបាយការណ៍បានរាយមកថាមាន គ្រួសារ Latino និងកម្មករសំណង់ត្រូវបានគេកំណត់គោលដៅ។ ហើយសកម្មជនសង្គមផ្សេងទៀត បានរិះគន់ថា វាជាការបន្តកម្រិតនយោបាយរើសអើងជាតិសាសន៍ក្រោមរដ្ឋបាល Trump។
ទីក្រុង Portland រដ្ឋ Oregon ក៏កំពុងប្រឈមមុខនឹងការដាក់ពង្រាយឆ្មាំជាតិ ដោយអគ្គមេធាវីរដ្ឋបានដាក់សំណើតុលាការសហព័ន្ធដើម្បីរារាំងការបញ្ជូនយោធា។ មេដឹកនាំមូលដ្ឋានបានបញ្ជាក់ថា វាជាការរំលោភអំណាច និងធ្វើឱ្យស្ថានភាពសង្គមកាន់តែកើនឡើង។ នៅក្បែរ អគារ ICE ក៏មានការតវ៉ារហូតដល់មានការប៉ះទង្គិចជាមួយភ្នាក់ងារសហព័ន្ធ។
ចំពោះស្ថានភាពនៅ Memphis និង New Orleans ក៏មានបញ្ជាក់ថាអាចមានការដាក់ពង្រាយកងទ័ពដូចគ្នា។ នៅ Memphis ប្រជាជនមួយចំនួនព្រួយបារម្ភថាវត្តមានកងទ័ពនឹងធ្វើឲ្យសហគមន៍ភ័យខ្លាច និងមិនហ៊ានស្វែងរកជំនួយ។ ខណៈដែលនៅ Louisiana អភិបាល Jeff Landry បានស្នើសុំឲ្យមានការផ្ញើឆ្មាំជាតិទៅទប់ស្កាត់ឧក្រិដ្ឋកម្ម ទោះបីជាទិន្នន័យបង្ហាញថាការសម្លាប់នៅ New Orleans បានថយចុះខ្លាំងក្នុងឆ្នាំ ២០២៥ ក៏ដោយ។
ដោយឡែក ការប្រើប្រាស់កម្លាំងសហព័ន្ធក្នុងទីក្រុងធំៗកំពុងបង្កភាពតានតឹងយ៉ាងខ្លាំងនារយៈពេលនេះ។ មេដឹកនាំ និងសកម្មជនបានឲ្យដឹងថា វាជាការបំផ្លិចបំផ្លាញសិទ្ធិមនុស្ស និងបង្កើនការរើសអើងជាតិសាសន៍ ទោះជាយ៉ាងណា រដ្ឋបាល Trump បានបន្តអះអាងថា វាគឺជាការរក្សាសន្តិសុខ សុវត្ថិភាពសម្រាប់ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការគ្រប់គ្រងអន្តោប្រវេសន៍ក្នុងសហរដ្ឋអាមេរិក។
ប្រភព៖ AP


















