ឯកឧត្តមបណ្ឌិត សោម រតនា៖ “ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះ ជំនាញ និងគុណធម៌ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម”
ជាប្រសាសន៍ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ថ្លែងទៅកាន់អង្គសិក្ខាសាលាផ្សព្វផ្សាយលើគោលការណ៍ណែនាំស្តីពី “កម្មវិធីផ្តល់អាហារូបករណ៍នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ក្នុងក្របខណ្ឌគម្រោងភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា លើបរិវត្តកម្មអប់រំបច្ចេកទេស” កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។ សិក្ខាសាលានេះ មានសិក្ខាកាមចូលរួមចំនួន ៧៧នាក់ មកពីស្ថាប័នសំខាន់ៗ រួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានឧត្តមសិក្សា អគ្គនាយកដ្ឋានគោលនយោបាយនិងផែនការ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នាយកដ្ឋានហិរញ្ញវត្ថុ និងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួងអប់រំ ចំនួន១០។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះ ជំនាញ និងគុណធម៌ គឺជាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសង្គម កំណើនសេដ្ឋកិច្ចជាតិ និងភាពប្រកួតប្រជែងរបស់ប្រទេស ទាំងក្នុងពេលចំពោះមុខ និងសម្រាប់អនាគត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាព ដូចមានចែងនៅ មុំទី១ គឺ ការអភិវឌ្ឍមូលធនមនុស្ស និងមុំទី៥ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។

ជាចុងបញ្ចប់ ឯកឧត្តមក៏បានធ្វើការថ្លែងអំណរគុណដល់ក្រុមការងារនៃអគ្គនាយកដ្ឋានឧត្តមសិក្សា ក្រោមការដឹកនាំ របស់ឯកឧត្តមអគ្គនាយកដ្ឋានឧត្តមសិក្សា លោកប្រធាននាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សា និងនាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍ ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត សម្របសម្រួលការងារបច្ចេកទេស និងការងាររដ្ឋបាល ដើម្បីសម្រេចបាននូវសេចក្តីណែនាំកម្មវិធីផ្តល់អាហារូបករណ៍នេះ បានទាន់ពេលវេលាកំណត់ និងរៀបចំឱ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះ។ ដូចគ្នានេះដែរ ឯកឧត្តមក៏បាន អរគុណដល់តំណាងសហគមន៍អឺរ៉ុបនៅប្រទេសកម្ពុជា, នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ មន្ត្រីអគ្គនាយកដ្ឋានឧត្តមសិក្សា និងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន១០ ដែលបានចូលរួមផ្តល់យោបល់ធ្វើឱ្យខ្លឹមសារនៃគោលការណ៍ណែនាំស្តីពី “កម្មវិធីផ្តល់អាហា-រូបករណ៍» ខាងលើនេះ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។
















