ក្រុមបាតុករវ័យក្មេងរបស់ប្រទេសនេប៉ាល់ និង កងកម្លាំងទ័ព កំពុងពិភាក្ស ដើម្បីសម្រេចជ្រើសរើសមេដឹកនាំបណ្តោះអាសន្ន


កងទ័ពនេប៉ាល់កំពុងបន្តការចរចាជាមួយក្រុមបាតុករ “Gen Z” ដើម្បីជ្រើសរើសមេដឹកនាំបណ្តោះអាសន្នសម្រាប់ប្រជាជាតិហិម៉ាឡៃយ៉ា បន្ទាប់ពីមានបាតុកម្មខឹងសម្បារដែលបានសម្លាប់មនុស្ស ៣០ នាក់ និងបានបង្ខំឱ្យនាយករដ្ឋមន្ត្រីលាលែងចេញពីតំណែង។ ការតវ៉ាដ៏ធំនេះកើតឡើងដោយសារការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងប្រទេស ដោយប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹក និងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីគ្រប់គ្រងលើប្រជាពលរដ្ឋ។

អតីតប្រធានចៅក្រម ស៊ូស៊ីឡា កាគី អាយុ ៧៣ ឆ្នាំ ដែលជាស្ត្រីដំបូងត្រូវបានតែងតាំងក្នុងតុលាការកំពូលឆ្នាំ ២០១៦ គឺជាអ្នកនាំមុខក្នុងបេក្ខភាពជាមេដឹកនាំបណ្តោះអាសន្ន។ កាគីត្រូវបានស្នើឈ្មោះដោយអ្នកដឹកនាំបាតុកម្មជាច្រើន ហើយត្រូវបានពិពណ៌នាថា “ស្មោះត្រង់ មិនភ័យខ្លាច និងមិនរង្គោះរង្គើ”។ ទោះបីជានាងយល់ព្រមក៏ដោយ ក៏នៅមានការជជែកគ្នាអំពីផ្លូវរដ្ឋធម្មនុញ្ញសម្រាប់តែងតាំងនាង និងមានមតិយោបល់ខុសគ្នារវាងក្រុមបាតុករ។

តាមការចុះផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យកងទ័ព Raja Ram Basnet បានបញ្ជាក់ថា ការពិភាក្សាលើមេដឹកនាំបណ្តោះអាសន្នកំពុងបន្ត ឯទីក្រុង Kathmandu នៅតែស្ថិតក្រោមបទបញ្ជាហាមឃាត់ ហើយហាងមួយចំនួន សាលារៀន និងមហាវិទ្យាល័យភាគច្រើនបិទទ្វា ខណៈដែលសេវាកម្មចាំបាច់មួយចំនួនបានដំណើរការឡើងវិញ ចំណែកជើងហោះហើរអន្តរជាតិក៏នៅតែប្រតិបត្តិការប្រក្រតី។

ដោយឡែកក្រសួងសុខាភិបាលបានអះអាងថា ចំនួនអ្នកស្លាប់ដោយសារការតវ៉ា បានកើនដល់ ៣០ នាក់ និងអ្នករងរបួសលើស ១០០០ នាក់។ បាតុកម្មនេះត្រូវបានគេហៅថា “ការតវ៉ា Gen Z” ព្រោះភាគច្រើនជាយុវជនដែលខកចិត្តចំពោះការបរាជ័យរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងបង្កើនឱកាសសេដ្ឋកិច្ចមិនល្អ។
ប្រភព៖ Reuters