ឯកឧត្តមបណ្ឌិត សោម រតនា ជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សា ឆ្លៀតប្រែបញ្ហាប្រឈមមកជាកាលានុវត្តភាព ក្នុងខណៈដែលប្រទេសជាតិកំពុងមានអារិភាពជាមួយប្រទេសជិតខាង


កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជានាយករងគម្រោងកែលម្អរការអប់រំឧត្តមសិក្សា (HEIP) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការណែនាំសៀវភៅប្រតិបត្តិការស្រាវជ្រាវ” ដែលរៀបចំឡើងដោយនាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍ នៃក្រសួងអប់រំ យុវជន និងកីឡា នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ ខេត្តកំពត។ វត្តមានក្នុងឱកាសនោះរួមមាន៖ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានឧត្តមសិក្សា អគ្គនាយករង អគ្គលេខាធិការរង សាកលវិទ្យាធិការ សាកលវិទ្យាធិការរង និងមន្រ្តីជំនាញពាក់ព័ន្ធ មកពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ចំនួន ១៦ គ្រឹះស្ថានទូទាំងប្រទេស។

បន្ទាបពីបានស្តាប់នូវរបាយការណ៍ និងបានធ្វើការកោតសរសើរដល់ក្រុមការងារ ដែលបានរៀបចំនូវសិក្ខាសាលាដ៏មានអត្ថន័យនេះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ពីការយកចិត្តទុក្ខដាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលតែងបានយកចិត្តទុកដាក់ខ្ពស់លើការងារស្រាវជ្រាវ តាមរយៈការរៀបចំនូវគោនយោបាយគាំទ្រជាបន្តបន្ទាប់។

ឯកឧត្តមក៏បានបន្ថែមថា ខណៈដែលប្រទេសជាតិកំពុងមានអារិភាពជាមួយប្រទេសជិតខាង តោងគ្រឹះស្ថានឧត្តមសិក្សា ឆ្លៀតប្រែបញ្ហាប្រឈមនេះ មកជាកាលានុវត្តភាព តាមរយៈការបន្តជំរុញ និងពង្រឹងការស្រាវជ្រាវ នវានុវត្ត និងការជំរុញបង្កើនផលិតផលក្នុងស្រុក តាមយន្តការផ្សាភ្ជាប់ការស្រាវជ្រាវជាមួយនឹងឧស្សាហកម្ម ដើម្បីបង្កើតទីផ្សារ និងការងារថ្មីៗជូនប្រជាពលរដ្ឋយើង។

ឯកឧត្តម ក៏បានលើកឡើងពីតួនាទីរបស់គ្រឹះស្ថានឧត្តមសិក្សា ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការផ្តល់នូវលទ្ធផលស្រាវជ្រាវដែលពាក់ព័ន្ធ ឆ្លើយតបនឹងផែនការអាទិភាពជាតិ។