|

អបអរសាទរ! កម្ពុជានាំចេញផ្លែទុរេន ១៧តោន ជាផ្លូវការ និងជាលើកដំបូងទៅកាន់ទីផ្សារចិន


នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ ទុរេនកម្ពុជាជើងដំបូងចំនួន ១៧ ២៨០គីឡូក្រាម (១៧តោន) ត្រូវបាននាំចេញទៅប្រទេសចិន តាមកំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពីរដ្ឋបាលគយចិនទទួលស្គាល់ចំការទុរេន ១១២ចំការ និងរោងចក្រវេចខ្ចប់ប្រមាណ ៣០រោងចក្រ។

ការនាំចេញផ្លែទុរេនរបស់កម្ពុជា ទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន បានធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) សហការជាមួយក្រុមហ៊ុននៅប្រទេសចិន ដែលនេះគឺជាការនាំចេញលើកដំបូង និងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់កម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុន អេចអេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បានធ្វើការសម្ពោធដាក់ឱ្យដំណើរការរោងចក្រវិចខ្ចប់ផ្លែទុរេនរបស់ខ្លួន ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន ឬប្រទេសដៃគូផ្សេងៗទៀត កាលពីថ្ងៃទី ១ឧសភា ឆ្នាំ២០២៥ ដែលរោងចក្រវេចខ្ចប់ថ្មីនេះ មានទីតាំងនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។