|

កម្ពុជា-សិង្ហបុរី បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្ដីពី ការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាឯកសារសហប្រតិបត្តិការស្នូលថ្មីមួយ


ដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរីចាប់ពីថ្ងៃទី ៧-៩ ខែកក្កដា ឆ្នាំ២០២៥ របស់គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។

ក្នុងឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម K. Shanmugam រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិ និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋសិង្ហបុរី បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃទាំងពីរ ក្នុងការប្រយុទ្ធ ប្រឆាំងបទល្មើសឆ្លងដែន រួមមាន បទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ដែលបង្កផលប៉ះពាល់អវិជ្ជមានដល់បរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានផ្លាស់ប្តូរយោបល់ និងចែករំលែកសភាពការណ៍សន្តិសុខទូទៅ ដែលជះឥទ្ធិពលដល់សន្តិសុខផ្ទៃក្នុងប្រទេស និងតំបន់ ។ ភាគីទាំងពីរក៏បានឯកភាពបន្តគាំទ្រគ្នា ទៅវិញទៅមកលើការបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពធនធានមនុស្ស ព្រមទាំងបន្តពង្រឹង កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ ជាពិសេសក្រោមយន្តការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន អាស៊ាន ។

ជាមួយគ្នានេះ កម្ពុជា-សិង្ហបុរី បានឈានដល់ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្ដីពី ការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាឯកសារសហប្រតិបត្តិការស្នូលថ្មីមួយទៀតសម្រាប់កម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ។

ស្មារតីនៃជំនួបទ្វេភាគី និងការសម្រេចបានអនុស្សារណៈនៃការយោគយល់គ្នានេះ ក៏ត្រូវបាននាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ដែលទើបបញ្ចប់ទស្សនកិច្ចប្រកបដោយផ្លែផ្កានៅកម្ពុជាកាលពីសប្ដាហ៍មុន បង្ហាញការពេញចិត្ត និងអះអាងពីការត្រៀមលក្ខណៈគាំទ្របន្ថែមទៀតក្នុងកម្រិតថ្នាក់ដឹកនាំកំពូល។ នាឱកាសទទួល លោកឧបនាយករដ្ឋមន្ត្រី ស សុខា នៅវិមានរដ្ឋបាល នាយករដ្ឋមន្ត្រីសិង្ហបុរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងលទ្ធផលដ៏ជាក់ស្ដែងរបស់កម្ពុជា លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបទល្មើសគ្រឿងញៀន ផងដែរ។

សូមបញ្ជាក់ថា នាឱកាសទស្សនកិច្ចសិង្ហបុរី លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឆ្លៀតដឹកនាំគណៈប្រតិភូទស្សនកិច្ចទីតាំងសំខាន់ៗមួយចំនួនទៀត រួមមាន ការិយាល័យផ្ដល់សេវាសាធារណៈ មជ្ឈមណ្ឌលប្រឆាំងបទល្មើសឆបោក មន្ទីរប្រឆាំងគ្រឿងញៀន និងស្ដាប់ការធ្វើបទបង្ហាញសង្ខេបអំពីគំនិតផ្ដួចផ្ដើមប្រឆាំងភេវរកម្ម៕