លោកជំទាវ ចម និម្មល អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីកម្ពុជា” រវាងសមាគមសណ្ឋាគារកម្ពុជា ជាមួយសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា និងសមាគមស្វាយចន្ទីកម្ពុជា
នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីកម្ពុជា” ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំសមាគមសណ្ឋាគារកម្ពុជា សមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ផ្សារទំនើប ម៉ាត និងសហគ្រាសស្វាយចន្ទីជាច្រើនរូប ក្នុងគោលបំណងជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីក្នុងវិស័យសណ្ឋាគារ ដើម្បីលើកកម្ពស់ការកែច្នៃ ការប្រើប្រាស់ និងការចែកចាយផលិតផលស្វាយចន្ទីនៅកម្ពុជា។
ក្នុងពិធីនេះមានអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ត្រូវបានចុះហត្ថលេខា គឺ ១-រវាងសមាគមសណ្ឋាគារកម្ពុជា និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា និង២-រវាងសមាគមសណ្ឋាគារកម្ពុជា និងសមាគមស្វាយចន្ទីកម្ពុជា។
ជាលទ្ធផល យោងតាមស្មារតីនៃការចុះអនុស្សរណៈខាងលើនេះ សមាគមសណ្ឋាគារនឹងធ្វើការបញ្ជាទិញស្វាយចន្ទី ក្នុងរយៈពេល៣ឆ្នាំ ដោយក្នុង១ឆ្នាំៗ មានតម្រូវការ ២៥០ តោន ក្នុងនោះ ២១០ តោនសម្រាប់កែច្នៃធ្វើម្ហូបអាហារ នំ និងភេសជ្ជៈ និង ៤០តោន ស្មើ៤០០ ០០០កញ្ចប់ ដែលជាផលិតផលស្វាយចន្ទីវេចខ្ចប់សម្រាប់ដាក់លក់ក្នុងមីនីបារ និងក្នុងបន្ទប់សណ្ឋាគារ។