| | |

ឯកឧត្តមបណ្ឌិត សោម រតនា៖ ការវិនិយោគលើប្រជាជនវ័យក្មេង គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សង្គមជាតិ


នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើញចូលរួមពិធីប្រគល់អាហារូបករណ៍ SCG Sharing the Dream Scholarship 2024 ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក Ratchayut Kasemchaisiri នាយក SCG Cambodia តំណាងស្ថានទូតថៃ រួមទាំងបុគ្គលិកសិក្សាជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្ដើមលោក Ratchayut Kasemchaisiri នាយក SCG ប្រចាំកម្ពុជា បានលើកឡើងពីការចូលរួមចំណែករបស់ SCG តាមរយៈការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៤មក រហូតមកដល់ពេលនេះ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងអប់រំយុវជន និងកីឡាកម្ពុជា។ លោកបានគូសបញ្ជាក់ថា «យើងមិនអាចសម្រេចបេសកកម្មនេះបានទេ ប្រសិនបើ មិនទទួលបានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាកិច្ចសហការពីគ្រឹះស្ថានសិក្សានានា។ ជាមួយគ្នានេះ លោក ក៏បានដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ SCG ក្នុង ការបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម រតនា បានបង្ហាញក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន SCG Group ដែលកន្លងមកតែងតែរួមចំណែកដ៏សំខាន់លើទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងជាពិសេសការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈ SCG Scholarship។ ជាក់ស្ដែងពិធីថ្ងៃនេះជាសក្ខីភាពមួយទៀតនៃការប្តេជ្ញាចិត្តដ៏សំខាន់មួយទៀតរបស់អេសស៊ីជីចំពោះអនាគតនៃការអប់រំនៅកម្ពុជាផងដែរ។

ឯកឧត្តមបានបន្តថា ក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ SCG បានផ្តល់ឱកាសសិក្សាដល់សិស្សចំនួន ១,៨០៨ នាក់ ទាំងកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា ក្នុងការសម្រេចតាមក្តីសុបិន និងអាចបង្ហាញនូវអ្វីដែលជាសក្តានុពលរបស់ពួកគេ។

ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ការគាំទ្ររបស់ SCG គឺស្របតាមបេសកកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ និងចក្ខុវិស័យសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ រដ្ឋាភិបាលរបស់យើងកំពុងធ្វើការយ៉ាងសកម្មដើម្បីសម្រេចបាននូវឋានៈប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងឋានៈប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ យើងជឿជាក់ថា ការវិនិយោគលើប្រជាជនវ័យក្មេង គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សង្គមជាតិ ដោយផ្អែកលើចំណេះដឹង ហើយនឹងអាចនាំមនុស្សគ្រប់គ្នា រួមទាំងសង្គមជាតិទាំងមូលឆ្ពោះទៅរកភាពរីកចម្រើន»។

លោកស្រី Ms. Ek-on KHUNACHAROEN ភារីធារី នៃស្ថានទូតថៃ ប្រចាំប្រទេសកម្ពុជា បានសម្ដែងក្ដីសោមនស្សរីករាយ ដែលបានចូលរួមអបអរសមិទ្ធផល ដ៏គួរឱ្យ កត់សម្គាល់ ក្នុងកម្មវិធីប្រគល់ពានរង្វាន់អាហារូបករណ៍ SCG ” Sharing the Dream ” Scholarship Ceremony 2024 ។ លោកស្រី បានលើកឡើងថា កម្មវិធីនេះ មិនត្រឹមតែបង្ហាញពីការខិតខំប្រឹងប្រែង និងការលះបង់របស់និស្សិតកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្តេជ្ញាចិត្តរបស់ SCG ក្នុង ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការអប់រំនៅទូទាំងអាស៊ាន ហើយកិច្ចខិតខំប្រឹងប្រែងនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ SCG ក្នុងការគាំទ្រធនធានមនុស្ស ដែលជាចក្ខុវិស័យ ដែលឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅជាមួយនឹងបេសកកម្មរបស់ស្ថានទូតថៃ ក្នុងការគាំទ្រប្រទេសជិតខាង។

គួរបញ្ជាក់ថា SCG Scholarship គឺជាកម្មវិធីអាហារូបករណ៍ ដែលផ្តល់អាហារូបករណ៍ដល់បុគ្គលិករដ្ឋាភិបាល និងសាធារណជនទូទៅក្នុងប្រទេសដូចជា កម្ពុជា វៀតណាម ឡាវ និងឥណ្ឌូនេស៊ី ជាដើម ដើម្បីបន្តការសិក្សាក្នុងកម្រិតបរិញ្ញាបត្រ អនុបណ្ឌិត ឬបណ្ឌិត នៅស្ថាប័នអប់រំឈានមុខគេក្នុងប្រទេសថៃ៕