| |

តើ Gumball 3000 មានប្រភពមកពីណា? ហើយបង្កើតឡើងក្នុងគោលបំណងអ្វី?


ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ត្រូវបានរៀបចំ ឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ តាមរយៈព្រឹត្តិការណ៍នេះ មានការចូលរួមពី មហាសេដ្ឋី អ្នកមានឥទ្ធិពលលើបណ្តាញសង្គម កីឡាករ និង តារារ៉េប ក៏ដូចជាបុគ្គលល្បីៗជាច្រើននាក់បានមកប្រមូលផ្ដុំគ្នានៅកម្ពុជា។ យ៉ាងណាមិញ ជុំវិញការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជាមានការលើកឡើងផ្សេងៗគ្នា ដោយមានទាំងអ្នកស្រលាញ់ពេញចិត្ត និងអ្នកមិនពេញចិត្ត។

តើ Gumball 3000 មានប្រភពមកពីណា? ហើយបង្កើតឡើងក្នុងគោលបំណងអ្វី?

Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយសហគ្រិនជនជាតិអង់គ្លេស Maximillion Cooper Gumball 3000 ដែលជាការប្រមូលផ្តុំរថយន្ត និងនាំយករថយន្តទំនើបៗ រាប់ពាន់គ្រឿង ដោយធ្វើដំណើរជុំវិញពិភពលោក ដើម្បីបង្កើតបទពិសោធន៍បញ្ជីដ៏អស្ចារ្យបំផុតមួយ។

“គំនិតសម្រាប់ Gumball 3000 គឺវាគួរតែជាការផ្សងព្រេងសម្រាប់អ្នកចូលរួម ដែលជាបទពិសោធន៍ដែលពួកគេនឹងមិនអាចបំភ្លេចបាន”។ ជាមួយគ្នានេះដែេ នៅឆ្នាំ២០១៣ Gumball 3000 បានបង្កើតមូលនិធីដែលមានឈ្មោះថា មូលនិធិ Gumball 3000 ក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ដល់យុវជនក្រីក្រ តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធអប់រំ និងការកម្សាន្តជុំវិញពិភពលោក។

គិតមកទល់ពេលនេះ Gumball 3000 មានភាពល្បីល្បាញរយៈពេលជាងពីរទសវត្សរ៍កន្លងមកហើយ ហើយព្រឹត្តិការណ៍ជាអន្តរជាតិនេះ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ប្រតិភូ Gumball 3000 បានធ្វើដំណើរចាកចេញពីទីក្រុងហូជីមិញនៃប្រទេសវៀតណាម ចូលមកកាន់ប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ឆ្ពោះមកកាន់ រាជធានីភ្នំពេញ និងខេត្តសៀមរាប។ បន្ទាប់ពីធ្វើដំណើរចាកចេញពីខេត្តសៀមរាប គណៈប្រតិភូ Gumball 3000 នឹងធ្វើដំណើរឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីបន្តដំណើរទៅប្រទេសថៃ មុនបន្តឆ្លងកាត់ប្រទេសម៉ាឡេស៊ី ហើយនឹងបញ្ចប់ នៅប្រទេសសិង្ហបុរី។

ប្រភព៖ Gumball 3000, EAC