ក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក បានសម្រេចបង្កើតការិយាល័យតំណាងរបស់ខ្លួននៅកម្ពុជា ដើម្បីសម្របសម្រួលជូននិស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សានៅសហរដ្ឋអាមេរិក
នេះជាការថ្លែងឱ្យដឹងរបស់លោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក ដែលបានគោរពជម្រាបជូនសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជំនួបសម្តែងការគួរសម និងពិភាក្សាការងារដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះ លោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ ដែលមានការចូលរួមរបស់ក្រុមហ៊ុនចំនួន៥ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូរធុរកិច្ចនៅ កម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលរួមមានអង្ករ ស្វាយចន្ទី ម្រេច ស្វាយក្រៀម ជាដើម។ ជាមួយគ្នានេះ គណៈប្រតិភូក៏មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនៅកម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិកបានសម្រេចបង្កើតការិយាល័យតំណាងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ការសម្របសម្រួលជូននិស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សានៅសហរដ្ឋអាមេរិកផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអាមេរិក ក្នុងការស្វែងរកឱកាសវិនិយោគ និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់និងអាទិភាពរបស់រាជរដ្ឋាភិបាល ចំពោះវិស័យកសិកម្ម ដូចជា កញ្ចប់លើកទឹកចិត្តផ្នែកពន្ធសម្រាប់វិស័យកសិកម្ម ការធ្វើទំនើបកម្មវិស័យកសិកម្ម ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមមូលដ្ឋាន ការបង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំងប្រព័ន្ធឡូជីស្ទីកនិងហេដ្ឋារចនាសម្ព័ន្ធ សំដៅចូលរួមកាត់បន្ថយថ្លៃដើម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃផលិតផលកសិកម្មរបស់កម្ពុជា។ សម្ដេចធិបតីបានលើកទឹកចិត្តដល់គណៈប្រតិភូធុរកិច្ចអាមេរិកឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគ និងធុរកិច្ចក្នុងវិស័យកសិកម្ម វិស័យអប់រំ និងវិស័យសក្ដានុពលផ្សេងៗទៀត នៅកម្ពុជា៕