|

យូណេស្កូ៖ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ទាំង១៧លើពិភពលោក ក្នុងការផ្ដល់អាទិភាពចាក់វ៉ាក់សាំងជូនគ្រូបង្រៀន


កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១កន្លងទៅ អង្គការយូណេស្កូ បានចាត់ទុកប្រទេសកម្ពុជាក្នុងចំណោមប្រទេសទាំង១៧ នៅលើសកលលោក ដែលបានផ្ដល់អាទិភាពក្នុងការចាក់វ៉ាក់សាំង កូវីដ-១៩ ជូនគ្រូបង្រៀន។ នេះបើតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council)។

ក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ីបានសរសេរថា៖«ការផ្ដល់ចំណាត់ថ្នាក់នេះត្រូវបានធ្វើឡើងតាមរយៈការសិក្សាស្រាវជ្រាវលើប្រទេសចំនួន១៥០ នៅក្នុងពិភពលោក ដោយអង្គការយូណេស្កូ និងក្រុមការងារអន្តរជាតិទទួលបន្ទុកគ្រូបង្រៀនសម្រាប់ការអប់រំឆ្នាំ ២០៣០ អស់រយៈពេល១ ឆ្នាំ ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ពីខែមីនា ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១។»

ក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council) ដែលមានសមាជិកមកពី៥២ ប្រទេស និងជាដៃគូសហប្រតិប្តិការផ្នែកវប្បធម៌នៅអាស៊ីមួយរបស់អង្គការយូណេស្កូ បានសម្ដែងនូវការអបសាទររបស់ខ្លួន ចំពោះការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ជាពិសេស ការខិតខំស្វះស្វែងរកវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនក្រុមអាទិភាព ពិសេសគ្រូបង្រៀន ប្រជាជនប្រឈមផ្ទាល់ទៅនឹងការឆ្លង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ខណៈដែលបណ្ដាប្រទេសស្ទើរតែទាំងអស់ក្នុងពិភពលោក កំពុងខ្វះខាតវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

ក្រុមប្រឹក្សាវប្បធម៌អាស៊ីបានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនទៀតថា​៖«មិត្តភក្តិអន្តរជាតិជាច្រើនតែងលើកសរសើរប្រទេសកម្ពុជាថា ជាប្រទេសតូច ប៉ុន្តែចិត្តទូលាយហើយក៏ជាប្រទេសតូចដែលមានអត្តសញ្ញាញជាតិជាតិរឹងមាំផងដែរ។»

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បាននិយាយក្នុងវីដេឃ្លីបមួយរបស់ក្រសួងអប់រំ កាលពីថ្ងៃទី៦ ខែមេសា ថា៖«ដោយយោងតាមគោលការណ៍ស្ម័គ្រចិត្ត បច្ចុប្បន្ន មានបុគ្គលិកអបរំសាធារណៈ និងឯកជនទូទាំង២៥រាជធានីខេត្ត ប្រមាណ ១៦,៨០០០នាក់ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។»

ជាមួយគ្នានេះ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ក្នុងរយ:ពេលពីថ្ងៃទី១​ ដល់ទី៤​ ខែមេសា​ ឆ្នាំ២០២១​​ បានចាត់ចែងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បានចំនួន​ ១៤០.៧៧៣នាក់​ ហើយ​ ដែលធ្វើឱ្យចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម​ ស៊ីណូវ៉ាក់​ និងកូវីសែល​ សរុបទាំងបីមុខវ៉ាក់សាំងនេះ​ គឺបានកើនឡើងដល់​ ៤១៨.៥៦៩នាក់​ នៅទូទាំងប្រទេស៕

រូបភាព៖ ក្រសួង អប់រំ យុវជន និងកីឡា

ដោយ៖ង៉ាយ ណៃ