|

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទុកពេលឱ្យ ១ សប្ដាហ៍ ដើម្បីបោសសម្អាតសារធាតុញៀនខុសច្បាប់តាមខារ៉ាអូខេ និងក្លឹបរាត្រី


ថ្លែងនៅក្នុងពិធី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រូវសហការជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំការផ្សព្វផ្សាយ អប់រំ និងបណ្តុះបណ្តាលជនបង្គោលនៅក្នុងអង្គភាពរបស់ខ្លួន សំដៅឱ្យគ្រប់មន្រ្តីទាំងអស់ ទាំងស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ បានយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីការពារទាំងខ្លួនឯង និងសមាជិកក្រុមគ្រួសារពីអន្ទាក់នៃគ្រឿងញៀន និងធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំនៅតាមគោលដៅកម្សាន្តនានាដែលជាទីពេញនិយមរបស់យុវវ័យ ដូចជា៖ នៅតាមផ្សារទំនើប ក្លឹបកម្សាន្ត KTV និងរោងភាពយន្តជាប់ប្រចាំ ដើម្បីបញ្ជ្រាបនូវការយល់ដឹងអំពីឥទ្ធិពលអវិជ្ជមានពីការប្រើប្រាស់គ្រឿងញៀន។

ជាមួយគ្នានេះ ឯកឧត្តម បានទុកពេលឱ្យ១សប្ដាហ៍ ដើម្បីរៀបចំផែនការ និងចាប់ផ្ដើមអនុវត្តការងារនៅក្នុងសប្ដាហ៍ទី ២ យ៉ាងយូរ ក្នុងការបោសសម្អាតតាម KTV ជាពិសេសទីតាំងកម្សាន្តដែលខាងមុខដាក់ស្លាកយីហោបៀរហ្គាឌិន ប៉ុន្តែផ្ទុយទៅវិញគឺជាទីតាំងនៃការចែកចាយ និងប្រើប្រាស់សារធាតុញៀនផ្សេងៗ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា ឥឡូវនេះ គឺមានប្រភេទគ្រឿងញៀនដែលមានលក្ខណៈជាម្សៅ ដែលម៉ត់បំផុត ហើយមានតម្លៃធូរថ្លៃ ហើយផលប៉ះពាល់អាក្រក់ និងបង្កហានិភ័យខ្ពស់ចំពោះអ្នកប្រើប្រាស់។ ប្រសិនបើអ្នកដែលមានអាយុក្រោម ១៨ ឆ្នាំ បានប្រើប្រាស់គ្រឿងញៀនប្រភេទនេះ ៣ ដង គឺនឹងបណ្ដាលឱ្យពួកគេខូចខួរក្បាលតែម្ដង។

ជុំវិញបញ្ហានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើដល់អភិបាលរាជធានី-ខេត្តទាំងអស់ជួយគាំទ្រលើយុទ្ធនាការនេះ បន្ថែមលើយុទ្ធនាការផ្សេងៗដែលក្រសួងបានដាក់ចេញពីនេះ ទៅដល់ចុងឆ្នាំ និងត្រូវសហការចូលរួមឱ្យបានម៉ឺងម៉ាត់លើកិច្ចការងារនេះ។

ប្រភព៖ ក្រសួងមហាផ្ទៃ