រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការបង្កើតសាលារៀនដែលមានស្តង់ដាជប៉ុននៅប្រទេសកម្ពុជា គឺជាការផ្តល់ឱ្យកុមារនៅកម្ពុជានូវការអប់រំមួយប្រកបដោយគុណភាពខ្ពស់
នេះជាការគូសបញ្ជាក់របសើ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសម្ពោធជាផ្លូវការ នៃសាលាមត្តេយ្យអន្តរជាតិជប៉ុនភ្នំពេញ (Japanese International School of Phnom Penh) នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបង្កើតសាលារៀនដែលមានស្តង់ដាជប៉ុននៅប្រទេសកម្ពុជា (JISPP) គឺជាការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងការផ្តល់ឱ្យកុមារនៅកម្ពុជា នូវការអប់រំមួយប្រកបដោយគុណភាពខ្ពស់តាមរយៈការអនុវត្តកម្មវិធីសិក្សាស្តង់ដាជប៉ុនសម្រាប់ថ្នាក់កម្រិតមត្តេយ្យសិក្សា។
ការអប់រំកុមារតូច គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សានុសិស្ស ឱ្យទទួលបានទាំងជំនាញរឹងនិងជំនាញទន់ ការសិក្សាពេញមួយជីវិត និងបំណិនសតវត្សទី២១ ដូចជាការគិតស៊ីជម្រៅ និងជំនាញដោះស្រាយបញ្ហាជាដើម ដែលទាំងអស់នេះគឺជាស្ពានដើម្បីឱ្យកុមារតូចត្រៀមខ្លួនរួចរាល់ក្នុងដំណើរសិក្សាបន្តបន្ទាប់ទៀត។ ដោយហេតុនេះ ក្រសួងអប់រំ យុវជន និងកីឡា បាន យកចិត្តទុកដាក់ និងផ្ដោតទៅលើការអប់រំកុមារតូច ដូចជាការផ្តល់នូវអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ អភិវឌ្ឍន៍បំណិនសង្គមដល់កុមារ ការលូតលាស់ដែលមានសុខភាពល្អ ការអភិវឌ្ឍន៍ទាំងផ្លូវចិត្ត និងរាងកាយ ការរៀនដោយខ្លួនឯង ក៏ដូចជាពង្រឹងអភិវឌ្ឍន៍កុមារឱ្យបានគ្រប់ជ្រុងជ្រោយ គោលដៅប្រែក្លាយអ្នកជំនាន់ក្រោយឱ្យមានសមត្ថភាព និងចំណេះដឹងខ្ពស់ទាំងផ្នែករឹងនិងផ្នែកទន់ ក្លាយជាពលរដ្ឋល្អទាំងក្នុងជាតិ និងអន្តរជាតិ ដើម្បីជួយអភិវឌ្ឍន៍ប្រទេសនាពេលអនាគត។
ឆ្លៀតឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើនូវគំនិតផ្តួចផ្តើមមួយដែលហៅថា “ការពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ឧត្តមភាពផ្នែកអប់រំ៖ ការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់កូនៗរបស់យើង”។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តសាលា JISPP ឱ្យបង្កើតបណ្តាញសាលារៀនជាមួយសាលាមត្តេយ្យសិក្សា ឬបឋមសិក្សាសាធារណៈក្នុងតំបន់ តាមរយៈអនុស្សរណៈនៃការយោគយល់ (MoU) និងបានជឿជាក់ថា គំនិតផ្តួចផ្តើមនេះនឹងផ្តល់នូវភាពវិជ្ជមានបន្ថែមទៀតក្នុងការលើកកម្ពស់គុណភាពអប់រំរវាងភាគីទាំងពីរ ដោយ(MoU)ត្រូវបានចាត់ទុកថាជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ៕
ប្រភព៖ MoEYS