|

រដ្ឋមន្ត្រីក្រសួងអប់រំ ស្នើឱ្យមន្ទីរសហការគ្នាជាមួយនាយកដ្ឋានបឋមសិក្សារៀបចំឱ្យមានការប្រឡងបញ្ចប់នៅថ្នាក់ទី៦


ថ្លែងប្រសាសន៍នៅក្នុងឱកាសអញ្ជើញបំពេញ ទស្សនកិច្ចនៅវិទ្យាល័យ ហ៊ុន សែនពាមរក៍ ខេត្តព្រៃវែង ដើម្បីគាំទ្រការអនុវត្តស្តង់ដាសាលារៀនគំរូ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចែករំលែកពីវឌ្ឍនភាព ការងារ អប់រំ និង ផ្តល់អនុសាសន៍មួយចំនួនថា ក្រសួងបានពង្រឹងគុណភាពអប់រំ តាមរយៈការពង្រឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៤ និងបានពង្រីកការចូលរៀននៅមត្តេយ្យ និងបង្កើតមត្តេយ្យសិក្សាសហគមន៍ ដែលត្រូវសម្រេចបានជាសាលាស្តង់ដា។

ជាមួយគ្នានេះ នៅកម្រិតបឋមសិក្សា ក្រសួងបានដាក់ឱ្យអនុវត្តនៅកញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង និងការបណ្តុះបណ្តាលគ្រូផងដែរ។ មន្ទីរអប់រំ ក៏ត្រូវបន្តសហការជាមួយនាយកដ្ឋានបឋមសិក្សា បង្កើនម៉ោងបន្ថែម អនុវត្តឱ្យបានពេញលេញនូវកញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូងចាប់តាំងពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានរំលឹកចំនុចគន្លឹះទាំង៤ ដែលសម្តេចបវរធិបតី បានដាក់ចេញដែលក្នុងនោះរួមមាន៖ (១). អភិបាលកិច្ចសាលារៀន (២). កម្មវិធីក្រៅម៉ោងសិក្សា ជាពិសេសការបង្កើន២ម៉ោងបន្ថែមលើម៉ោងបង្រៀនធម្មតា (៣). ការលើកកម្ពស់សុខភាពសិក្សា និង(៤). ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និង សហគមន៍។ សម្តេចបវរធិបតី ក៏បានបង្កើតលេខាធិការដ្ឋាន និងជ្រើសរើសសាលាចំនួន៤៣ ជាការសាកល្បងក្នុងការអនុវត្តកម្មវិធីសិក្សានេះ ដើម្បីពង្រឹងថ្នាក់អំណាន និងគណិតដំបូង។ សូមឱ្យមន្ទីរសហការគ្នាជាមួយនាយកដ្ឋានបឋមសិក្សា ដើម្បីចុះពិនិត្យតាមដានការអនុវត្ត EGMA (Early Grade Mathematics Assessment) និង EGRA (Early Grade Reading Assessment) ក៏ដូចរៀបចំឱ្យមានការអនុវត្តតេស្តស្តង់ដាប្រចាំឆ្នាំ ជាពិសេសការប្រឡងបញ្ចប់នៅថ្នាក់ទី៦។ ការប្រឡងថ្នាក់ទី៦ គឺជាគោលនយោបាយថ្មីរបស់ក្រសួង ដើម្បីពង្រឹងមូលដ្ឋានគ្រឹះពីក្រោមមក និងវាស់កម្រិតចំណេះដឹងខាងផ្នែកអំណាន គណិត វិទ្យាសាស្រ្ត និងភាសាបរទេស។

ដោយឡែកនៅមធ្យមសិក្សា សាលាត្រូវធ្វើតេស្តដើមឆ្នាំ រៀបចំផែនការសម្រាប់បំប៉នសិស្សខ្សោយជាប្រចាំ លើការអាននិងសរសេរ គណិតវិទ្យា និងមុខវិទ្យាសំខាន់ៗផ្សេងទៀត។ ប្រសិនបើតេស្តស្តង់ដាត្រូវចំណាយថវិកាច្រើន មិនចាំបាច់ធ្វើប្រចាំខែទេ អាចធ្វើប្រចាំត្រីមាស តែត្រូវមានផែនការបំប៉នសិស្សខ្សោយឱ្យបានច្បាស់លាស់ ដោយសារអត្រាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅ ទាបជាងអត្រាថ្នាក់ជាតិ។ បន្ថែមលើសិស្សជាប់និទ្ទេស A សាលាត្រូវបង្កើនអត្រាសិស្សជាប់និទ្ទេស A B C ឱ្យបានច្រើនជាង ៣០%។ ទន្ទឹមនឹងនេះ ក្រុមការងារថ្នាក់ក្រសួងត្រូវចុះមកជួយពិនិត្យមើលជាប្រចាំ លើការរៀន និងបង្រៀន ការអនុវត្តស្តង់ដាសាលារៀនគំរូ ក៏ដូចជាបំប៉នសិស្សថ្នាក់ទី១២។ ត្រូវយកសៀវភៅសង្ខេបមេរៀនថ្នាក់ទី១២ ទៅចែកចាយឱ្យបានទូលំទូលាយ និងលើកទឹកចិត្តឱ្យសិស្សរៀនអនុវត្តដោយខ្លួនឯង ទៅតាមសៀវភៅសង្ខេបមេរៀន និងឱ្យសិស្សអនុវត្តឱ្យបានច្រើន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា សម្រាប់បញ្ហាខ្វះគ្រូ សូមរៀបចំចំណោលតម្រូវការគ្រូ ដើម្បីដាក់ចូលក្នុងផែនការ។ បន្ថែមពីនេះ សាលាត្រូវរកសៀវភៅលំហាត់ដាក់ក្នុងបណ្ណាល័យ ដើម្បីឱ្យសិស្សអនុវត្តលំហាត់បន្ថែមឱ្យបានច្រើន ព្រោះធ្វើច្រើន ចេះច្រើន។ ដូចគ្នាផងដែរ ត្រូវរកសៀវភៅតាមមុខវិជ្ជាឱ្យបានច្រើនដាក់ក្នុងបណ្ណាល័យ។ មួយវិញទៀត គ្រូត្រូវដាក់កិច្ចការផ្ទះ និងកំណែកិច្ចការសិស្សឱ្យបានច្បាស់លាស់ ដើម្បីឱ្យសិស្សចេះស្វ័យសិក្សា រៀបចំជាបទបង្ហាញ និងចេះសង្ខេបមេរៀនដោយខ្លួនឯង ដើម្បីឱ្យសិស្សយល់ច្បាស់ពីមេរៀនមួយកម្រិតទៀត។ ក្រុមការងារក្រសួងក៏ត្រូវមកបង្ហាញអំពីវិធីសាស្រ្តបង្រៀនបែបថ្មីជូនដល់លោកគ្រូ អ្នកគ្រូ ដើម្បីបង្កើនគុណភាពនៃការបង្រៀនបន្ថែមទៀត។

លោកគ្រួ អ្នកគ្រូ ក៏ត្រូវរៀបចំជាមេរៀនខ្លី សង្ខេបគោលដៅនៃការធ្វើពិសោធន៍ និងធ្វើពិសោធន៍តាមបែបងាយៗ ដើម្បីឱ្យសិស្សយល់ដឹងច្បាស់លាស់។ ការធ្វើពិសោធន៍ត្រូវតែជាក់ស្តែងនិយម ជាជាងរៀនត្រឹមទ្រឹស្តី។ ចំណុចសំខាន់មួយទៀត គឺត្រូវអភិវឌ្ឍគ្រូបង្រៀនឱ្យក្លាយជាគ្រូស្តង់ដាវិជ្ជាជីវៈ ដែលត្រូវតែពង្រឹង ចំណេះដឹងវិជ្ជាជីវៈ ប្រតិបត្តិវិជ្ជាជីវៈ សិក្សាវិជ្ជាជីវៈ និងសីលធម៌វិជ្ជាជីវៈ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើនគុណភាពសិក្សារបស់សិស្ស។

ក្រសួងអប់រំ ក៏បានលើកទឹកចិត្តឱ្យសាលាប្រឹងប្រែងបន្ថែម ដើម្បីបង្កើនអត្រាសិស្សជាប់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។ ទន្ទឹមនេះក៏បានកោតសរសើរចំពោះបរិស្ថានសាលារៀន និងមានសិស្សជាប់និទ្ទេស A ចំនួន ៤នាក់ផងដែរ និងណែនាំឱ្យមានការរៀបចំទស្សនកិច្ចសិក្សាទៅសាលាដែលទទួលបានពានរង្វាន់សាលារៀនគំរូ ដើម្បីសិក្សាស្វែងយល់បន្ថែមពី គន្លឹះមួយចំនួន ដើម្បីប្រែក្លាយឱ្យទៅជាសាលារៀនគំរូ ព្រមទាំងចុះពិនិត្យមើលម្តងទៀត លើវឌ្ឍនភាពនៃការអនុវត្តផែនការបន្ទាប់ដែលសាលាបានដាក់នៅក្នុងបទបង្ហាញ ហើយសាលាត្រូវមានវិធានការថ្មី ដើម្បីដោះស្រាយបញ្ហាដែលសាលាកំពុងជួបប្រទះនាពេលបច្ចុប្បន្នផងដែរ។

ប្រភព៖ MoEYS