|

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុវត្តបន្តយន្តការ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដាក់ឱ្យអនុវត្តប្រមាណ ១ ទសវត្សរ៍កន្លងមក


នារសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំជំនួបពិភាក្សាប្រចាំឆ្នាំលើកទី ៧ រវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ នៅវិមានសន្តិភាព។

មានប្រសាសន៍នៅក្នុងជំនួបពិភាក្សា សម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំនូវកិច្ចពិភាក្សាប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ ដោយការរៀបចំកិច្ចពិភាក្សានេះ គឺជាការអនុវត្តបន្តយន្តការ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមគំនិតបង្កើតឡើង និងបានដាក់ឱ្យអនុវត្តប្រមាណ ១ ទសវត្សរ៍កន្លងមក ដែលកិច្ចពិភាក្សានេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាងនេះទៅទៀត ជំនួបពិភាក្សាប្រចាំឆ្នាំ២០២៤នេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងពហុភាគីនិយម ដែលមានអង្គការសហប្រជាជាតិជាស្នូល សំដៅរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ, សាមគ្គីភាព, កិច្ចអភិវឌ្ឍន៍ និងវិបុលភាពរួមសម្រាប់ទាំងអស់គ្នា ហើយជំនួបប្រចាំឆ្នាំលើកនេះក៏ជាវេទិកាសម្រាប់ប្រព័ន្ធអង្គការសហប្រជាជាតិដែលផ្តល់ការគាំទ្រប្រកបដោយស័ក្តិសិទ្ធិភាពដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលដៅអាទិភាពនៃកិច្ចអភិវឌ្ឍន៍ក្នុងដំណើរឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា ដើម្បីក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ផងដែរអំពីជំនួបពិភាក្សាប្រចាំឆ្នាំ ដោយកំណត់យកមូលបទ៖ “ពង្រីកសមត្ថភាពផលិតសំដៅឈានទៅចាកចេញប្រកបដោយចីរភាពរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច” ហើយជ្រើសរើសប្រធានបទសំខាន់ ២ សម្រាប់ពិភាក្សា គឺ៖ ទី១) “ជំរុញការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ”; និងទី២) “ពន្លឿនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសម្រាប់យុវជន” ។ គោលដៅចម្បងនៃជំនួបពិភាក្សាឆ្នាំ២០២៤ នេះគឺ៖ ទី១) ពិនិត្យរួមគ្នាលើកិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធអង្គការសហប្រជាជាតិកន្លងមក ក្នុងការរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា និងលើកឡើងអំពីបណ្តាអាទិភាពនៃក្របខ័ណ្ឌសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៤-២០២៨; និងទី២) ពិនិត្យរួមគ្នា ដើម្បីកំណត់បញ្ហាប្រឈមដែលអាចកើតឡើងជាយថាហេតុពីការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងអនុវត្តវិធានការគាំទ្រចាំបាច់ដើម្បីធានាការចាកចេញដោយរលូន និងប្រកបដោយចីរភាព។

បន្ទាប់ពីកិច្ចពិភាក្សា និងបទអន្តរាគមន៍លើប្រធានបទសំខាន់ៗរបស់ក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាល តំណាងប្រព័ន្ធអង្គការសហប្រជាជាតិតាមវិស័យនីមួយៗ ក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តក្នុងការបន្តការគាំទ្រ ក៏ដូចជាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងការគាំទ្រកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ប្រកបដោយចីរភាព និងសម្រេចបាននូវការអភិវឌ្ឍមូលធនមនុស្សតាមរយៈការអប់រំ និងការពន្លឿនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសម្រាប់យុវជន ដើម្បីចូលរួមក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

ប្រភព៖ MoEYS