|

កម្ពុជាឈរនៅចំណាត់ថ្នាក់ទី១០ ជាប្រទេសដែលមានចំនួនសិស្សានុសិស្សចូលរួមប្រកួតប្រជែងប្រឡងគណិតវិទ្យាអូឡាំព្យាដច្រើនជាងគេក្នុងចំណោម ៣៨ប្រទេស


នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅសាលខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀចំពិធីប្រគល់មេដាយ និងវិញ្ញាបនបត្រជូនដល់បេក្ខជនជ័យលាភី គណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឡោ ឆវណ្ណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។

កម្មវិធីប្រកួតប្រជែង គណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ាន អន្តរជាតិឆ្នាំ២០២៤ ត្រូវបានសហការរៀបចំឡើងដោយសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជាមជ្ឈមណ្ឌលរៀបចំការប្រឡង អូឡាំព្យាដអន្តរជាតិ សិង្ហបុរី (SIMCC SG) និងមជ្ឈមណ្ឌលដឺប្រ៊េននីអេកហ្វេកធើរី (The Brainiac Factory)។ យោងតាមរបាយការណ៍របស់លោកយ៉ែម សុភ័ណ្ឌ ប្រធានមជ្ឈមណ្ឌល ដឺប្រ៊េននីអេក ហ្វេកធើរី (The Brainiac Factory) បានបង្ហាញថានៅក្នុងឆ្នាំ២០២៤នេះ មានសិស្សានុសិស្សកម្ពុជា ដែលបានចូលរួមក្នុងការប្រឡងគណិតវិទ្យាអូឡាំព្យាដមានចំនួនច្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ បេក្ខជនកម្ពុជាមានចំនួនសរុប១,៤០១នាក់ មកពីគ្រឹះស្ថានអប់រំ ១៣០គ្រឹះស្ថាន រួមមានគ្រឹះស្ថានអប់រំសាធារណៈចំនួន ៥០គ្រឹះស្ថាន និងគ្រឹះស្ថានឯកជនចំនួន ៨០គ្រឹះស្ថាន នៅទូទាំងប្រទេសដែលបានចូលរួមប្រកួតប្រជែង ដោយនៅក្នុងនោះកម្ពុជាបានឈរនៅចំណាត់ថ្នាក់ទី១០ ជាប្រទេសដែលមានចំនួនសិស្សានុសិស្សកម្ពុជា ដែលបានចូលរួមប្រកួតប្រជែងច្រើនជាងគេក្នុងចំណោម ៣៨ប្រទេស ដែលមានបេក្ខជនចូលរួមសរុបចំនួន ៥៧,០៧៥នាក់ នៅទូទាំងពិភពលោក។

លោក សរ រិទ្ធី អនុប្រធានសមាគម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត តុង វណ្ណៈប្រធាសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជាបានលើកឡើងថា ការរៀបចំឱ្យមានព្រឹត្តិប្រកួតប្រជែងដែលមានលក្ខណៈវិទ្យាសាស្រ្តនេះ គឺពិតជាសមស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងបានលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនទាំងអស់ឱ្យខិតខំបន្ដចូលរួមក្នុងការជំរុញគ្រប់សកម្មភាពក្នុងវិស័យអប់រំ ដោយត្រូវបានផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍមូលធនមនុស្សការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន និងការងារ,ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

លោកអនុប្រធានសមាគមក៏បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះបេក្ខជនជ័យលាភីទាំង៤៩០នាក់ ដែលទទួលបាមេដាយមាស ប្រាក់ និងសំរឹទ្ធ ហើយក៏បានលើកទឹកដល់បេក្ខជនទាំង៨៨១នាក់ផ្សេងទៀតដែលមិនទទួលបានជយលាភី សូមក្មួយៗបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្តទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន នឹងត្រៀមចូលរួមក្នុងការប្រកួតប្រជែងនាឱកាសក្រោយៗទៀត។

ក្នុងនាមសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា លោកក៏បានសម្តែងការកោតសរសើរ និងគាំទ្រ ចំពោះមជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដអន្តរជាតិ សិង្ហបុរី (SIMCC SG) និងមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី (The Brainiac Factory) ដែលបានខិតខំរៀបចំឱ្យមានព្រឹត្តការណ៍ ប្រកួតប្រជែង គណិតវិទ្យា វិទ្យាសាស្រ្ត ដែលមានលក្ខណៈអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ដែលជាការផ្តល់ឱកាសដល់ក្មួយៗ សិស្សានុសិស្សកម្ពុជា អាចចូលរួមប្រកួតប្រជែង និងបញ្ចេញសមត្ថភាពរបស់ខ្លួនលើឆាកអន្តរជាតិ ហើយសូមគាំទ្រឱ្យមានព្រឹត្តិការណ៍ប្រកួតប្រជែងដែលមានលក្ខណៈអន្តរជាតិផ្សេងៗទៀត នៅឆ្នាំបន្តបន្ទាប់ពេលខាងមុខ។

ឯកឧត្តម ឡោ ឆវណ្ណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា និងមជ្ឈមណ្ឌលរៀបចំការប្រឡងគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី និងមជ្ឈមណ្ឌលដឺប៊្រេននីអេកហ្វេកធើរី បានសហការរៀបចំកម្មវិធីនេះឡើង ដែលជាការចូលរួមចំណែកគាំទ្រ និងលើកកម្ពស់វិស័យអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

នៅទីបញ្ចប់ឯកឧត្តមគណៈអធិបតី ក៏បានអំពាវដល់សិស្សានុសិស្សនៅភូមិសិក្សា ថ្នាក់ទី៩ និងទី១២ សូមត្រៀមខ្លួនឱ្យល្អប្រសើរក្នុងការប្រឡងថ្នាក់ជាតិ ដែលនឹងចូលមកដល់នាពេលខាងមុខនេះផងដែរ៕

ប្រភព៖ MoEYS