|

សសយក បើកយុទ្ធនាការផ្សព្វផ្សាយវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋតាមរាជធានី-ខេត្ត


ក្រុមការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានី ខេត្ត បានបើកយុទ្ធនាការផ្សព្វផ្សាយ វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការចែកម៉ាស់ អាល់កុល និងណែនាំពីវិធានអនាម័យសុខាភិបាល ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់ ក្នុងគោលបំណងរួមចំណែកជាមួយរដ្ឋាភិបាលកម្ចាត់ជំងឺកូវីដ-១៩ ដែលកំពុងរាលដាលខ្លាំងនាពេលបច្ចប្បន្ន។

សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ខេត្តកោះកុង កណ្ដាល និងខេត្តកំពត កាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅ បានចេញផ្សព្វផ្សាយ និងចូលរួមយុទ្ធនាការលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋនៅតាមទីប្រជុំជន និងមូលដ្ឋានផ្ទាល់ លើការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា​៖«ការការពារប្រសើរជាព្យាបាល ការពារខ្លួនអ្នក ដើម្បីគ្រួសារអ្នក និងសង្គមជាតិ ប្រកាន់ភ្ជាប់នូវវិធានការ ៣កុំ និង៣ការពារ ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ-១៩។ ហើយការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នេះទៀតសោត ទាមទារជាចាំបាច់ឱ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។»

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមីនានេះ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន៤១នាក់ ដោយអ្នកវិជ្ជមានទាំងអស់នោះ សុទ្ធតែជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ បើតាមក្រសួងសុខាភិបាលដដែល ចំនួននេះ បានជំរុញឱ្យអ្នកឆ្លងកូវីដ-១៩ សរុប កើនឡើងដល់ ១៣០៥នាក់ ក្នុងនោះ មានអ្នកជាសះស្បើយ ៦៤៧នាក់ អ្នកកំពុងសម្រាកព្យាបាលមាន ៦៥៦នាក់ និង មានអ្នកជំងឺម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងនៅលើគេហទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១២ ខែមីនា កន្លងទៅយ៉ាងដូច្នេះថា៖«ក្នុងដំណាក់កាលដ៏សំខាន់នេះ កម្ពុជាត្រូវការកម្លាំងរបស់ពលរដ្ឋខ្មែរគ្រប់រូប ដើម្បីឆ្លងផុតវិបត្តិកូវីដ-១៩ នេះ។ យើងត្រូវការ ការចូលរួមរបស់អ្នកទាំងអស់គ្នា ដើម្បីយកឈ្នះជំងឺដ៏កាចសាហវមួយនេះ។ សូមបងប្អូនបន្តនូវស្មារតី រួបរួមគ្នាជាមួយរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។»៕

រូបភាព៖ សសយក​

ដោយ៖ង៉ាយ ណៃ