លោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥
លោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា បានផ្ញើសារគោរពជូនពរនិងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
«យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ គណៈកម្មាធិការប្រតិបត្តិ និងសមាជិក-សមាជិកាទាំងអស់ នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ ក្នុងការរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងដែលជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមបំផុតមួយរូបក្នុងការស្តារនិងកសាងប្រទេស ប្រែក្លាយប្រទេសកម្ពុជាអោយមានស្ថិរភាពនយោបាយ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាពនិងបរិយាបន្ន។ តាមរយៈនយោបាយឈ្នះ-ឈ្នះ សម្តេចតេជោ បាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជា នូវរុងរឿងថ្កើងថ្កាន និងសុខដុមរមនា នៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពទូទាំងផ្ទៃប្រទេស និងការលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។
យើងខ្ញុំទាំងអស់គ្នាមានសេចក្តីជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា ក្នុងភារកិច្ចថ្មី ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ សម្តេចតេជោ ពិតជាដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត និងជាពិសេស យើងខ្ញុំសូមសម្តែងនូវការគាំទ្រអស់ពីដួងចិត្ត ចំពោះ អទិភាពការងារចម្បងទាំង២ ដែលសម្តេចបានដាក់ចេញ ទី១-ការលើកកម្ពស់ «ការទូតសភា» ដើម្បីសន្តិភាព សន្តិសុខ សិ្ថរភាព និងវិបុលភាពសកលលោក និងទី២-ការធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន និងធ្វើការប្រចាំថ្ងៃជាមួយពួកគាត់នៅថ្នាក់ក្រោមជាតិ។
ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួង វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ៕»