សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ណែនាំថាត្រូវចៀសឱ្យផុតពីការដាក់កាតព្វកិច្ចជូនអាណាព្យាបាលសិស្ស ជាពិសសេសកាតព្វកិច្ចហិរញ្ញវត្ថុ
ថ្លែងប្រសាសន៍នៅក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និង លើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើថា ឪពុកម្ដាយ និងសិស្ស គឺជាតួអង្គសំខាន់ណាស់ក្នុងការអប់រំ។ ជាមួយគ្នានេះ ទំនាក់ទំនងរវាងគ្រូ អាណាព្យាបាល ជាមួយសិស្ស គឺជាកត្តាសំខាន់ដែលជួយឱ្យការអប់រំទទូលបានលទ្ធផលល្អប្រសើរ។
យ៉ាងណាមិញសម្ដេចបានបញ្ជាក់ថា បច្ចុប្បន្ននេះ សម្ទុះការចូលរួមរបស់អាណាព្យាបាលសិស្សមានភាពល្អប្រសើរ ប៉ុន្តែទន្ទឹមនឹងនោះសម្ដេចបានមានប្រសាសន៍ណែនាំថា នៅពេលដែលទៅទាញការគាំទ្ររបស់ឪពុក ម្តាយ ដាច់ខាតកុំដាក់កាតព្វកិច្ចជូនគាត់ ជាពិសេសកាតព្វកិច្ចហិរញ្ញវត្ថុ គឺជៀសឱ្យផុតកុំឱ្យមាន។ សម្ដេចបន្តថា ការបង្កើតមូលនិធិសមសធម៌ គួរលើកយោបល់តែកុំបង្ខំឱ្យបង្កើត ចៀសវាងអាណាព្យាបាល ឪពុក ម្តាយសិស្ស យល់ថាជាការទាមទារ ឬដាក់កាតព្វកិច្ចសម្រាប់ពួកគាត់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចូលរួមរបស់ឪពុកម្ដាយ ក៏មិនចាំបាច់ក្នុងរូបភាពជាថវិកាដែរ អ្វីដែលសំខាន់នោះគឺអាណាព្យាបាលត្រូវចូលរួមជួយជំរុញកូនរបស់ពួកគាត់គោរពវិស័យសាលាជាមួយលោកគ្រូ អ្នកគ្រូ គឺជាកិច្ចការងារមួយដ៏ល្អប្រសើរហើយ។ អ្វីដែលលោកគ្រូ អ្នកគ្រូចង់បាន គឺទំនាក់ទំនងល្អ និងភាពប្រទាក់ក្រឡាគ្នាជាមួយឪពុកម្ដាយ។