មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «ការវាយតម្លៃជុំវិញការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា»
នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «ការវាយតម្លៃជុំវិញការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា» នៅមជ្ឈមណ្ឌលម៉ានី ក្នុងបរិវេណអគារ The Kampus។
កិច្ចពិភាក្សានេះ ធ្វើឡើងដោយ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត អ៊ូច ច័ន្ទតារ៉ានី សេដ្ឋកិច្ចវិទូនៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងសម្របសម្រួលដោយ លោកសាស្ត្រាចារ្យជំនួយ បណ្ឌិត យន់ គា អនុប្រធានវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។
កិច្ចពិភាក្សានាឱកាសនេះត្រូវបានធ្វើឡើងក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងពីអត្ថន័យនៃឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ក៏ដូចជាចូលរួមផ្ដល់ជាអនុសាសន៍ និងធាតុចូលសំខាន់ៗពីសំណាក់វាគ្មិនជាអ្នកជំនាញមកពីវិស័យផ្សេងៗ ដើម្បីជាជំនួយដល់ការត្រៀមខ្លួន និងការរៀបចំផែនការយុទ្ធសាស្ត្រក្នុងការសម្រេចឱ្យបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការបោះជំហានចាកចេញពីប្រទេសអភិវឌ្ឍតិចតួច។
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ក៏បានប្ដេជ្ញាបង្កើតវេទិកាពិភាក្សាជាបន្តបន្ទាប់លើប្រធានបទដ៏មានសារៈសំខាន់នេះ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ដើម្បីចូលរួមគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រេចបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។
បណ្ឌិត គី សេរីវុឌ្ឍន៍៖ កម្ពុជា នឹងក្លាយជាសួនច្បារពិភពលោក ប្រសិនបើរៀនចំយុទ្ធសាស្ត្រត្រូវ
ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «ការវាយតម្លៃជុំវិញការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា» លោកបណ្ឌិត គី សេរីវុឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីវិស័យអាទិភាពចំនួន ២ ដែលជាវិស័យដ៏មានសក្តានុពល ដែលអាចរួមចំណែកជំរុញសម្ទុះសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅរកការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ក្នុងនោះរួមមានវិស័យឧស្សាហកម្ម និងវិស័យកសិកម្ម។
ក្នុងឱកាសនោះ លោកបណ្ឌិតបានលើកឡើងថា រដ្ឋាភិបាលអាណត្តិទី៧ បានបន្តអភិវឌ្ឍនូវសមិទ្ធផលថ្មី និងបាននិងកំពុងយកចិត្តទុកដាក់លើយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងផ្នែកបច្ចេកវិទ្យា ដែលនេះជាជំហានដ៏សំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជា ដើម្បីបោះជំហានចាកចេញពីប្រទេសអភិវឌ្ឃតិចតួច។
ក្រៅពីសូចនាករដ៏សំខាន់ទាំងពីរនេះ លោកបណ្ឌិតបានលើកឡើងថា វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម គឺជាកត្តាដ៏មានឥទ្ធិពលក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។ ប្រសិនបើកម្ពុជាអាចអភិវឌ្ឍវិស័យកសិកម្ម និងអភិវឌ្ឍឧស្សាហកម្មដែលមិនបំពុលបរិស្ថានឱ្យរឹងមាំ ហើយផ្សារភ្ជាប់វិស័យអាទិភាពទាំងពីរនេះដើម្បីជាយន្តការជំរុញវិស័យទេសចរណ៍ នោះកម្ពុជា នឹងក្លាយជាសួនច្បារពិភពលោក ប្រសិនបើរៀនចំយុទ្ធសាស្ត្រត្រូវ។
សូមជម្រាបថា កិច្ចពិភាក្សានារសៀលនេះ ទទួលបានការចូលរួមជាមតិយោបល់ និងសំណួរ-ចម្លើយយ៉ាងផុសផុល ពីសំណាក់វាគ្មិន និស្សិតដែលមកពីសាកលវិទ្យាល័យនានា នៅក្នុងវេទិកាដ៏មានសារៈសំខាន់នេះ។