មហន្តរាយនៃការបែកធ្លាយសារសំឡេងសម្ងាត់របស់មន្ត្រីអាល្លឺម៉ង់ជុំវិញសង្គ្រាមនៅអ៊ុយក្រែន
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បានចោទប្រកាន់រុស្ស៊ីថាបានធ្វើ “សង្រ្គាមព័ត៌មាន” ក្នុងគោលបំណងបង្កើតការបែកបាក់គ្នាក្នុងប្រទេសនេះ នៅក្នុងសុន្ទរកថាដំបូងរបស់គាត់បន្ទាប់ពីការបែកធ្លាយសារសំឡេងនៃកិច្ចប្រជុំមន្ត្រីយោធាជាន់ខ្ពស់អាល្លឺម៉ង់។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកាលពីថ្ងៃសុក្របានចេញផ្សាយការថតសំឡេងរយៈពេល ៣៨ នាទីនៃការហៅទូរស័ព្ទដែលមន្រ្តីអាឡឺម៉ង់កំពុងពិភាក្សាអំពីអាវុធសម្រាប់អ៊ុយក្រែននិងការវាយប្រហារដ៏មានសក្តានុពលដោយ Kyiv នៅលើស្ពាននៅ Crimea ដែលជំរុញឱ្យមន្រ្តីនៅទីក្រុងម៉ូស្គូទាមទារការពន្យល់។
ប្រទេសអាល្លឺម៉ង់បានហៅវាថា ជាសកម្មភាពលួចស្តាប់ជាក់ស្តែងហើយបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេត។ រដ្ឋមន្ត្រីការពារជាតិលោក Boris Pistorius បាននិយាយថា “ឧប្បត្តិហេតុនេះគឺលើសពីការលួចស្ដាប់ធម្មតា ប៉ុន្តែវាគឺជាផ្នែកមួយនៃសង្រ្គាមព័ត៌មានដែលលោកពូទីនកំពុងធ្វើ” ហើយអាល្លឺម៉ង់ ចាត់ទុកថាជាការបំផ្លាញឯកភាពជាតិរបស់ខ្លួន។
នៅក្នុងសារសំឡេងដែលលេចធ្លាយនេះ គេបានស្ដាប់លឺអ្នកចូលរួមពិភាក្សាអំពីការបញ្ជូនមីស៊ីលឆ្លងទ្វីប Taurus ទៅកាន់ទីក្រុង Kyiv ដែលអធិការបតី Olaf Scholz បានបដិសេធជាសាធារណៈរហូតមកដល់ពេលនេះ។
ជាមួយគ្នានេះដែរ ទូរទស្សន៍ ARD របស់ប្រទេសអាឡឺម៉ង់បានពណ៌នាការលេចធ្លាយថាជា “មហន្តរាយ” សម្រាប់សេវាកម្មសម្ងាត់របស់អាល្លឺម៉ង់។
យ៉ាងណាមិញ វិមានក្រឹមឡាំងបានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់អំពីការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំភាន់នៅពេលប្រឈមមុខនឹងការចោទប្រកាន់ពីប្រទេសផ្សេងៗ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ប្រទេសនេះកំពុងទាមទារ “ការពន្យល់ពីប្រទេសអាឡឺម៉ង់” ដោយមិនបានបញ្ជាក់លម្អិតពីកង្វល់ពិសេសរបស់ខ្លួនឡើយ។
ប្រភព៖ The Guardian, CNN