| |

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជំរុញឱ្យបន្ថែមម៉ោងសិក្សាមុខវិជ្ជា អក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រនៅតាមសាលារៀន


នៅក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារទស្សនកិច្ច ពិនិត្យវឌ្ឍនភាពការងារអប់រំ និងជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យសម្ដេចជាស៊ីម សន្ធរម៉ុក នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនដើម្បីឈានទៅសម្រេចគោលដៅប្រែក្លាយជាសាលារៀនគំរូ ដែលរួមមាន៖

•សាលារៀនត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍ និងបញ្ចូលវិធីសាស្ត្របង្រៀនថ្មីៗ ក្នុងការបង្រៀន និងរៀន ដោយសហការជាមួយវិទ្យាល័យជំនាន់ថ្មី ព្រះស៊ីសុវត្ថិ។

•ពង្រឹងការរៀន និងបង្រៀនឱ្យប្រហាក់ប្រហែលនឹងសាលារៀនជំនាន់ថ្មី ពោលគឺ ៤១ម៉ោងសិក្សា/សប្តាហ៍។ ក្នុងករណីមិនអាចអនុវត្តការៀន និងបង្រៀនដោយផ្ទាល់បាន សូមពិនិត្យលទ្ធភាពបង្កើត និងដំណើរការក្លឹបសិក្សា ក៏ដូចជារៀបចំសកម្មភាពក្រៅម៉ោងសិក្សា តាមរយៈយន្តការក្រុមប្រឹក្សាយុវជន យុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធ ដោយធ្វើយ៉ាងណាឱ្យសិស្សចង់រៀនសូត្រ ខិតខំរៀនសូត្រដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងពេលប្រឡង។

•សហការជាមួយមជ្ឈមណ្ឌលសិក្សាឌីជីថល ដើម្បីបង្កើត និងដំណើរការកម្មវិធីសិក្សាបន្ថែមរួមមាន ភាសាអង់គ្លេស កុំព្យូទ័រ និងការជួសជុលកែលម្អអគារសិក្សាជាដើម។

•ពង្រឹង និងពង្រីកការរៀន និងបង្រៀនពេញមួយថ្ងៃ ដោយបន្ថែមម៉ោងសិក្សាមុខវិជ្ជា អក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រ ព្រោះមុខវិជ្ជាទាំង៣នេះ ពាក់ព័ន្ធនឹងការវាយតម្លៃជាអន្តរជាតិ។ ជាមួយគ្នានេះ សាលារៀនត្រូវពង្រឹងការអនុវត្តតេស្តស្តង់ដាសម្រាប់សិស្សអាយុ ១៥ឆ្នាំ ដោយប្រើប្រាស់គំរូ តេស្ត PISA ដើម្បីឱ្យសិស្សានុសិស្សមានបទពិសោធន៍ក្នុងការអនុវត្តតេស្តជាអន្តរជាតិ។ ការអនុវត្តនេះ អាច ផ្តើមចេញពីសិស្សានុសិស្សដែលសិក្សាក្នុងថ្នាក់រៀនសហគមន៍។

•គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលារៀន ត្រូវពិភាក្សាជាមួយមាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីពង្រីកថ្នាក់រៀនសហគមន៍ នៅទូទាំងសាលា ដើម្បីជាមូលដ្ឋានក្នុងការប្រែក្លាយជាសាលារៀនគំរូ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះលទ្ធផលនៃការសិក្សារបស់សិស្សទាំងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ហើយសង្ឃឹមថាវិទ្យាល័យនេះ នឹងសម្រេចបានស្តង់សាលារៀនគំរូ ក្រោមការចូលរួមចំណែកគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធរួមមាន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលារៀន មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍៕

ប្រភព៖ MoEYS