|

ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុង «ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តក្រពុំឈូក (វត្តអន្លង់លិញ) ខេត្តត្បូងឃ្មុំ


នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីក្នុង «ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តក្រពុំឈូក ហៅវត្តអន្លង់លិញ ស្ថិតនៅភូមិស្រែកណ្តាល ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ និមន្ត និងអញ្ជើញចូលរួម ក្នុងពិធីនោះ រួមមាន ព្រះសមាធិធម្ម យិត សុខា ព្រះមេគណខេត្តត្បូងឃ្មុំ ព្រះថេរានុថេរៈ ឯកឧត្តម លោកជំទាវ ជាសមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តត្បូងឃ្មុំ និងបងប្អូន ប្រជាពលរដ្ឋជាច្រើនរូប។

នាឱកាសនោះ ក្នុងនាម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកចូលរួមក្នុង «ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តក្រពុំឈូក ហៅវត្តអន្លង់លិញ » នាឱកាសនោះ។ ឆ្លៀតឱកាសនោះ ឯកឧត្តមបានផ្តាំផ្ញើការសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម បានសម្តែងនូវការអបអរសាទរដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ចំពោះសមិទ្ធផលនានាជាច្រើននៅក្នុងវត្តក្រពុំឈូក ហៅវត្ត អន្លង់លិញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា នាពេលនេះ។ ទន្ទឹមនឹងនោះ ឯកឧត្តមបានគោរពកោតសរសើរ ថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះតេជគុណគ្រប់ព្រះអង្គ សប្បុរសជន លោកតា លោកយាយ អ៊ំ ពូ មីង និងបងប្អូនទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងជ្រោមជ្រែងក្នុងការកសាង ព្រះវិហារ រោងព្រះយមរាជ ប្រាសាទព្រះនាងក្រពុំឈូក ដងទង់ និងសមិទ្ធផលដទៃទៀតនោះឡើង ។

ជាមួយគ្នានោះ ឯកឧត្តមបានគូសបញ្ជាក់ពីពីសារសំខាន់នៃតួនាទីរបស់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ ជាពិសេស ការលើកកម្ពស់ការអប់រំចរិយាធម៌ និងសីលធម៌ដល់ប្រជាពលរដ្ឋកម្ពុជាដែលជា ពុទ្ធសាសនិកគ្រប់រូប។ ឯកឧត្តមបានបន្តថា តាមរយៈការអប់រំ ទូន្មានទាំងនោះ ព្រះពុទ្ធសាសនាបានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការធានាភាពសុខសាន្ត និងសុខដុមនៃសង្គម និងបន្ថែមលើសពីនោះ ព្រះពុទ្ធសាសនា បានដើរតួនាទី ក្នុងការរឹតចំណងសាមគ្គីភាពរបស់ប្រជាពលរដ្ឋកម្ពុជាដើម្បីចូលរួមចំណែកការពារ និងអភិរក្ស វប្បធម៌ អក្សរសាស្ត្រ ប្រពៃណី អត្តសញ្ញាណខ្មែរ និងបុព្វហេតុសង្គមជាតិជារួម។

ឯកឧត្តមបានលើកឡើងបន្ថែមថា សមិទ្ធផលនៅថ្ងៃនេះ មិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការ ចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពនយោបាយជូនប្រទេសជាតិ។ ឯកឧត្តមបានរំលេចថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ដែលបានផ្តល់ឱកាសឱ្យយើង បានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា ដូចជាការប្រមូលបច្ច័យពីគ្រប់ទិសទីសម្រាប់ កសាងសមិទ្ធផលនានាឱ្យចេញជារូបរាងនៅថ្ងៃនេះ។

មានប្រសាសន៍បន្តនាឱកាសនោះ ឯកឧត្តម បានគូសបញ្ជាក់ថា សមិទ្ធផលជាច្រើនដែលយើងកំពុងមាននេះ គឺកើតឡើងពីការដឹកនាំរបស់ របស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត។ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យបន្តជឿជាក់លើ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការបន្ត បេសកកម្មពី សម្តេចអគ្គមហាសេនាបតីតេជោ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ ការអភិវឌ្ឍ និងភាពសម្បូរសប្បាយរបស់ប្រជាជនកម្ពុជាគ្រប់រូប។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា គឺជាការគាំទ្រ និងលើកស្ទួយ ជីវភាពរបស់ប្រជាជន និងជាការគិតគូរវែងឆ្ងាយពីអនាគតយុវជន ជំនាន់ក្រោយទាំងអស់គ្នា។

សូមជម្រាបជូនថា វត្តក្រពុំឈូកនេះ បានចាប់ផ្ដើមកសាង ឡើងតាំងពីគ.ស ១៨៣០ ពោលគឺមានអាយុកាល ១៩៤ឆ្នាំ មកហើយ។ ចំពោះសមិទ្ធផលទាំងឡាយដែលធ្វើការសម្ពោធនាពេលនេះ គឺកើតចេញដោយផ្ទាល់ពីកិច្ចខិតខំប្រឹងប្រែង និងការឧបត្ថម្ភជ្រោមជ្រែង ប្រកបដោយសទ្ធាជ្រះថ្លារបស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនាប៊ុន ស៊ាងលី, អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ប៊ុន សាមលេន និងមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ គីម ទូច, មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ម៉ោង សៅ និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ផងដែរ។