កម្ពុជា ត្រូវបានរកឃើញថាជាប្រទេសដែលមានអណ្តូងរ៉ែទង់ដែងបុរាណខ្នាតធំនៅអាស៊ីអាគ្នេយ៍
យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ក្រុមការងារស្រាវជ្រាវនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសាលាបារាំងចុងបូព៌ាប្រទេស (EFEO) កំពុងបន្តស្រាវជ្រាវទីតាំងយករ៉ែ និងទីតាំងផលិតលោហៈបុរាណ នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។
ចាប់តាំងពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្នក្រុមការងារស្រាវជ្រាវនៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសាលាបារាំងចុងបូព៌ាប្រទេស (EFEO) បានសិក្សាស្រាវជ្រាវរកឃើញតំបន់សំខាន់ៗចំនួន៥ ស្ថិតក្នុងតំបន់ស្រុកឆែប ខេត្តព្រះវិហារ។ តំបន់ទី១គឺ ត្រពាំងជាន់សន្លុង ទំហំប្រមាណជាង១០ហិកតា ដែលមានត្រពាំងបុរាណចំនួន២ ទួលអាចម៍ដែក និងទង់ដែងជាង១០០។ តំបន់ទី២គឺ ភ្នំយក្សព្រៅ ទំហំប្រមាណជាង៣៥ហិកតា ដែលមានភ្នំយក្សព្រៅតំបន់រ៉ែទង់ដែកនិងរ៉ែដែក និងមានទួលអាចម៌ដែកនិងទង់ដែងសរុបចំនួន៣០។ តំបន់ទី៣គឺ ឆែប០០១ ទំហំប្រមាណជាង៦ហិកតា ជាទីតាំងយករ៉ែដែក។ តំបន់ទី៤គឺ ត្រពាំងស្វាយទោល ទំហំប្រមាណជាង១០ហិកតា ដែលមានទួលអាចម៍ដែកចំនួន១០ នៅក្បែរត្រពាំងស្វាយទោល។ តំបន់ទី៥គឺ ភ្នំជ្រាប់ផ្តៅ ទំហំ៨,៥ហិកតា ជាទីតាំងយករ៉ែទង់ដែងបុរាណដ៏ធំ ដែលមានបណ្តោយប្រវែង២០០ម៉ែត្រ ទទឹងប្រវែង៦០ម៉ែត្រ និងជម្រៅរហូតដល់២៥ម៉ែត្រ។ នៅតំបន់នេះក៏ជាការដ្ឋានយកថ្មបាយក្រៀមបុរាណផងដែរ។
តំបន់យករ៉ែ និងតំបន់ផលិតលោហៈ ក្នុងស្រុកឆែប គឺជាតំបន់បេតិកភណ្ឌតែមួយគត់ ដែលមានទាំងកន្លែងយករ៉ែ និងកន្លែងផលិតទង់ដែងដំបូងគេក្នុងចំណោមតំបន់ផ្សេងៗទៀតដែលផលិតទង់ដែង សម្រាប់ផ្គត់ផ្គង់ដល់ចក្រភពអង្គរ។
បច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ គេរកឃើញអណ្តូងរ៉ែទង់ដែងបុរាណខ្នាតធំចំនួន៤ គឺនៅក្នុងប្រទេសថៃ នៅជ្រលងភ្នំ Khao Wong Prachan ខេត្ត Lopburi ជ្រលងភ្នំPhu Lon ខេត្ត Nong Khai ក្នុងប្រទេសឡាវ ខេត្ត Savannakhet និងនៅកម្ពុជា ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។
សូមបញ្ជាក់ដែលថាការស្រាវជ្រាវនេះក៏មានការចូលរួមពីអ្នកជំនាញភូគព្ភវិទូ ពីប្រទេសបារាំង និងភូគព្ភវិទូមកពីក្រសួងរ៉ែនិងថាមពល និងបុរាណវិទូមកពីរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។