៦៥ករណីត្រូវបានរកឃើញនៅថ្ងៃនេះ ក្នុងនោះ៥៨ករណីមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ


នៅថ្ងៃទី២៥ ខែកុម្ភៈនេះ កម្ពុជាបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៦៥ករណី ក្នុងនោះ ៥៨ករណីត្រូវបានបញ្ជាក់ថា មានពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

ខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានបានសរសេរថា៖ ក្នុងចំណោមករណីវិជ្ជមានកូវីដ-១៩ថ្មីទាំង៦៥ករណីនោះ មាន៥៨ករណីមានទំនាក់ទំនងទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង៧ករណីផ្សេងទៀត គឺជាអ្នកដំណើរចូលមកប្រទេសកម្ពុជានិងអ្នកឆ្លងបន្តនៅក្នុងប្រទេស។ រីឯពលករដែលធ្វើដំណើរមកពីប្រទេសថៃ មិនត្រូវបានគេរាយការណ៍អំពីករណីឆ្លងថ្មីនោះទេនៅថ្ងៃនេះ។

គួរបញ្ជាក់ផងដែរថា​ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន៦៩៧ករណី ក្នុងនោះ១៩៤ករណីសុទ្ធតែមានជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។ ចំណែក៦៥ករណីរកឃើញនៅថ្ងៃនេះ ត្រូវបានគេចាត់ទុកថា គឺជាចំនួនដ៏ច្រើនបំផុតពុំធ្លាប់មាន គិតចាប់ពីកម្ពុជាប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ដំបូង កាលពីចុងខែមករា ឆ្នាំ២០២០កន្លងទៅ៕

ដោយ៖ ង៉ាយ ណៃ