|

តើគោលនយោបាយសហគមន៍កសិកម្មទំនើប នឹងជះផលដូចម្ដេចដល់កសិករកម្ពុជា?


ការរៀបចំអភិវឌ្ឍសហគមន៍កសិកម្មទំនើបគឺជាគោលនយោបាយថ្មីមួយដែលត្រូវបានរាជរដ្ឋាភិបាលធ្វើការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ។ គោលនយោបាយអាទិភាពនេះ មានគោលដៅក្នុងការប្រែក្លាយកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព ។

ជាក់ស្ដែង សហគមន៍កសិកម្ម សំបូរមានជ័យ ដែលស្ថិតនៅក្នុងភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការប្រែក្លាយខ្លួនក្លាយជាសហគមន៍កសិកម្មទំនើប តាមរយៈយន្តការសម្របសម្រួល និងគាំទ្រដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយសហគមន៍មានការជឿទុកចិត្តខ្ពស់លើគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ។

តាមរយៈយន្តការនេះ ត្រូវបានគេរំពឹងថា នឹងអាចជួយដល់ប្រជាកសិកររបស់សហគមន៍ រួមផ្សំនឹងបច្ចេកទេសកសិកម្ម ក៏ដូចជាការប្រឹក្សាលើយុទ្ធសាស្ត្រទីផ្សារ ដោយប្តូរពីផលិតកម្មមុនទីផ្សារ ហើយប្តូរមកជា ការផ្សារភ្ជាប់ទីផ្សារមុនធ្វើផលិតកម្ម ដោយចងក្រងដៃគូហិរញ្ញវត្ថុ បច្ចេកទេស ទីផ្សារ និងការគាំទ្រសម្របសម្រួលទូទៅ ជាមួយនឹងសហគមន៍ ។ យន្តការសំខាន់ចំនួន៣ នៃសហគមន៍កសិកម្មទំនើប គឺ កាត់បន្ថយថ្លៃដើមផលិត, បង្កើនស្តង់ដារគុណភាពដំណាំ និងធានាស្ថិរភាពទីផ្សារដល់ប្រជាកសិករ ។

លើសពីនេះ បញ្ចកោណទី៤នៃយុទ្ធសាស្ត្របញ្ចកោណ-នីតិកាលទី៧ គឺការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដែលមុំទី៣ គឺការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដោយក្នុងនោះរាជរដ្ឋាភិបាល បានផ្តោតលើការបង្កបរិយាកាសអំណោយផលសម្រាប់វិស័យកសិកម្ម, ការជំរុញផលិតកម្មកសិកម្ម, ការកាត់បន្ថយថ្លៃដើមផលិតកម្ម, ការធានាស្ថិរភាពថ្លៃផលិតផលកសិកម្ម និងការលើកកម្ពស់ការកែច្នៃផលិតផលកសិកម្ម ។ យន្តការទាំងអស់នេះ នឹងអាចធានាបាននូវសន្តិសុខ និងសុវត្ថិភាពស្បៀង. បង្កើនតម្លៃបន្ថែមខ្ពស់ ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ កាលពីថ្ងៃទី២៤ សីហា ២០២៣ ដោយកម្មវិធីគោលនយោបាយអាទិភាពទី៦ គឺរៀបចំអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២០ វិច្ឆិកា ២០២៣ ។

ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
រូបភាព៖ មន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្តកែប