|

តើឥណ្ឌាអាចទទួលបាន”ភាគលាភប្រជាសាស្ត្រ” ពីអាមេរិក និងចិនដោររបៀបណា?


យោងតាមការវិភាគពីមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច បានឱ្យដឹងថា សហរដ្ឋអាមេរិក ចិន និងឥណ្ឌា អាចនឹងឈានមុខគេក្នុងសេដ្ឋកិច្ចពិភពលោកក្នុងសតវត្សទីនេះ។

ការព្យាករណ៍របស់ CEBR បង្ហាញថាប្រទេសចិនអាចមានសក្តានុពលដណ្តើមយកតំណែងកំពូលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកដោយផលិតផលក្នុងស្រុកសរុបនៅដើមឆ្នាំ២០៣៧ ។ ការព្យាករណ៍នេះក៏មើលឃើញថានឹងមានកំណើនដ៏ខ្លាំងនៅក្នុងប្រទេសផ្សេងទៀតដូចជាប្រទេសឥណ្ឌាជាដើម។

អ្នកសេដ្ឋកិច្ចជឿថា GDP ដ៏ធំ និងលូតលាស់លឿនអាចបង្ហាញអំពីអំណាចយោធា ឥទ្ធិពលសេដ្ឋកិច្ច និងសារៈសំខាន់អន្តរជាតិរបស់ប្រទេសមួយ។ នៅជុំវិញពិភពលោក អ្នកបង្កើតគោលនយោបាយកំពុងចំណាយថវិកាសាធារណៈយ៉ាងច្រើន ដើម្បីរៀបចំសម្រាប់បញ្ហាប្រឈមសង្គម និងបរិស្ថានដែលអាចកើតមាននៅពេលខាងមុខ។

មេដឹកប្រទេសឥណ្ឌា និងចិនបានពង្រឹងទំនាក់ទំនងការទូតរបស់ពួកគេជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ ។ ជាពិសេសប្រធានាធិបតី Xi Jinping នៃប្រទេសចិនបានព្យាយាមផ្សះផ្សារទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការចាប់ផ្តើមដ៏ចលាចលក្នុងទសវត្សរ៍នេះ។

ទំនុកចិត្តអាជីវកម្មក្នុងប្រទេសចិនកំពុងធ្លាក់ចុះដែលជំរុញឱ្យរដ្ឋាភិបាលបន្តបង្កើនការចំណាយជំរុញសេដ្ឋកិច្ចរបស់ខ្លួន។ ប្រទេសចិនត្រូវបានគេរំពឹងថានឹងវ៉ាដាច់សេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅឆ្នាំ២០២៨ នេះបើយោងតាម CEBR ។

លោក Yasheng Huang សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រងពិភពលោកនៅសាលាគ្រប់គ្រង MIT Sloan បានមានប្រសាសន៍ថា “បញ្ហាចម្បងដែលប្រឈមមុខនឹងប្រទេសចិននាពេលបច្ចុប្បន្ននេះគឺថាចំនួនប្រជាជន វិស័យឯកជន វិនិយោគិនមិនមានទំនុកចិត្តរយៈពេលវែងអំពីសេដ្ឋកិច្ចចិន” ។

កំណើនប្រជាជនបានជាប់គាំងនៅក្នុងប្រទេសចិន និងនៅសហរដ្ឋអាមេរិកក្នុងសតវត្សទី២១ ប៉ុន្តែប្រទេសឥណ្ឌាអាចទទួលបានអត្ថប្រយោជន៍ពីអ្វីដែលហៅថា “ភាគលាភប្រជាសាស្ត្រ” ដែលចំនួនប្រជាជនដែលមានអាយុធ្វើការកំពុងកើនឡើងនៅក្នុងបរិយាកាសអាជីវកម្មដែលមានមូលធនគ្រប់គ្រាន់ ដែលនោះផ្តល់ឱ្យប្រទេសឥណ្ឌានូវសក្តានុពលក្នុងការរីកលូតលាស់ក្នុងល្បឿនយ៉ាងលឿន” ។

ប្រភព៖ CNBC