សម័យប្រជុំលើកទី១១ នីតិកាលទី៤ នៃព្រឹទ្ធសភា បានសម្រេចអនុម័តលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម”


នាព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួងពាក់ព័ន្ធ បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នីតិកាលទី៤ នៃព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងឱ្យយោបល់លើ “សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម”។ ជាលទ្ធផល សេចក្តីព្រាងច្បាប់ត្រូវបានសម្រេចអនុម័តយល់ព្រមដោយសម័យប្រជុំពេញអង្គព្រឹទ្ធសភា។

គួរបញ្ជាក់ថា សម័យប្រជុំលើកទី១១ នីតិកាលទី៤ មានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៣រូប ដោយមានរបៀបវារៈចំនួន ០៣ គឺរបៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របៀបវារៈទី២ គឺពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងរបៀបវារៈទី៣ គឺពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម ។