|

លោកជំទាវ ចម និម្មល៖ ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនបង្កើននូវឋាមវ័ន្តក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា


លោកជំទាវបានថ្លែងស្វាគមន៍ធុរជននិងវិនិយោគិនថៃ ដែលមានគម្រោងវិនិយោគ ឬពង្រីកគម្រោងវិនិយោគនៅកម្ពុជា ដោយអាចស្វែងយល់លម្អិតពីសក្តានុពល និងឱកាសវិនិយោគ ឬបណ្តាក់ទុនរួមគ្នាជាមួយវិនិយោគិនកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់អោយបានជាអតិបរមា។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកម្មវិធី ”ផ្គូផ្គងធុរកិច្ចកម្ពុជា-ថៃ ២០២៣” ដែលរៀបចំដោយសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CYEAD) កាលពីរសៀលថ្ងៃសៅរ៍ ទី២៨ ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។

លោកជំទាវបានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានត្រៀមខ្លួនជានិច្ចក្នុងការចូលរួមសម្របសម្រួលការវិនិយោគ ការធ្វើធុរកិច្ចរបស់វិស័យឯកជន និងការបន្តធ្វើសាមញ្ញកម្មលើសេវាសាធារណៈរបស់ខ្លួន ព្រមទាំងការធ្វើអទិភារូបនីយ៍កម្មជាលក្ខណៈបុរេសកម្ម ជាចំណែកនេះការបង្កើននូវឋាមវ័ន្តក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ និងលើកសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ដែលបានផ្តួចផ្តើមគំនិតរៀបចំកម្មវិធីនេះឡើង និងបានលើកទឹកចិត្តឱ្យបន្តរៀបចំកម្មវិធីបែបនេះជាប្រចាំ ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។