សម្ដេច ហ៊ុន សែន ប្រកាសផ្សំផ្គុំឱ្យ លោក ឌី ពេជ្រ និងកញ្ញា ហ៉ិន ច័ន្ទនីរ័ត្ន បានរៀបអាពាហ៍ពិពាហ៍នៅខែធ្នូខាងមុខនេះ


ថ្មីៗនេះ ព័ត៌មានស្នេហារបស់ពិធីការនីរូបស្រស់ប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាមួយបុរសម្នាក់ឈ្មោះ ឌី ពេជ្រ បានផ្ទុះការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន ដោយសារតែកន្លងមក តារាស្រីរូបនេះពុំធ្លាប់លេចលឺព័ត៌មានស្នេហាជាមួយបុរសរូបណានោះឡើយ រហូតមានអ្នកមួយចំនួនហៅនាងថា ស្រីស្អាតអភព្វស្នេហ៍។

ដោយឡែក នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសផ្សំផ្គុំឱ្យ លោក ឌី ពេជ្រ និងកញ្ញា ហ៉ិន ច័ន្ទនីរ័ត្ន បានរៀបអាពាហ៍ពិពាហ៍ នៅខែធ្នូ ខាងមុខនេះ តាមរយៈសំណេររបស់សម្ដេច ដោយមានខ្លឹមសារថា៖

«ដើម្បីចៀសវាងមាត់ចាបមាត់ព្រាប ដូចពាក្យចាស់លោកពោលថា មាត់វែងជាងផ្លូវជុំវិញកូនប្រុស ឌី ពេជ្រ និងកូនស្រី ហុិន ច័ន្ទនីរ័ត្ន។ ក្នុងឋានៈជាឪពុកធំកូនពេជ្រ ខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរ បានចូលរោងការតាមប្រពៃណី។
ថ្ងៃស្អែក ២៧ តុលា ២០២៣ ឪពុកម្តាយខាងប្រុសចូលស្តីដណ្តឹងកូនស្រី។ ថ្ងៃទី២២ ខែធ្នូ ២០២៣ កំណត់ជាថ្ងៃរៀបការដែល គ្រួសារទាំងសងខាង និងសាមីខ្លួនបានយល់ស្របតាមខ្ញុំ ដែលជាអាចារ្យធំរៀបចំពេលវេលាបែបនេះ។ ឈាមច្បាស់ជាខាប់ជាងទឹក និងសង្ឃឹមថា ពុំមានអ្នកធ្វើអត្ថាធិប្បាយណា យកទៅបកស្រាយផ្សេងពីនេះទៀតឡើយ»៕