គ្រាប់បែកទម្លាក់ដូចគ្រាប់ភ្លៀង សម្លាប់ជីវិតពលរដ្ឋស្លូតត្រង់ជារៀងរាល់ថ្ងៃ ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន


បញ្ហាសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសស្ថិតក្នុងស្ថានភាពកាន់តែអាក្រក់ទៅៗ។ មនុស្សប្រមាណ ១,៤០០ នាក់ត្រូវបានសម្លាប់ក្នុងប្រទេសអ៊ីស្រាអែល និងប្រមាណ ៤,០០០ នាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាសបានទម្លាក់ការវាយប្រហារដែលមិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែលនៅដើមខែតុលានេះ។ ដោយឡែក ការទម្លាក់គ្រាប់បែកតាមអាកាសមកលើបណ្តាមន្ទីរពេទ្យក្នុងតំបន់ហ្គាហ្សាកាលពីពេលថ្មីៗនេះ បានសម្លាប់ជនស៊ីវិល និងអ្នកជំងឺជាង ១ ពាន់នាក់ ។

លើសពីនេះ ក៏មានការទម្លាក់គ្រាប់បែកដ៏ឃោរឃៅពីសំណាក់អ៊ីស្រាអែលទៅលើឡានដង្ហែភៀសខ្លួនចេញរបស់ពលរដ្ឋប៉ាឡេស្ទីនប្រមាណ ១លាននាក់ ទៅជ្រកកោណក្នុងតំបន់សុវត្ថិភាពនៃហ្គាហ្សាភាគខាងត្បូង បើទោះបីជាអ៊ីស្រាអែលឲ្យដំណឹងជាមុន ប៉ុន្តែនៅពេលដែលពលរដ្ឋប៉ាឡេស្ទីនកំពុងធ្វើដំណើរទៅ អ៊ីស្រាអែលបែរជាទម្លាប់គ្រាប់បែកពីលើអាកាស បណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់។

បើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា មនុស្សប្រមាន ១៥០ នាក់រងរបួស ហើយប្រមាណ៧០ នាក់ជាស្រី្តនិងកុមារត្រូវបានស្លាប់ក្នុងការទម្លាក់គ្រាប់បែកពីអ៊ីស្រាអែល។។

ដោយការវាយប្រហារទម្លាក់គ្រាប់បែកទាំងនេះ នៅតែបន្ត មនុស្សស្លូតត្រង់ជាច្រើនក៏បន្តបាត់បង់ជីវិតជារៀងរាល់ថ្ងៃ រស់នៅក្នុងសេចក្តីភ័យខ្លាច រីឯប្រទេសមិនមានស្បៀងអាហារគ្រប់គ្រាន់ និងមិនមានភ្លើងអគ្គីសនីប្រើប្រាស។

គួរបញ្ជាក់ថា បញ្ហាជម្លោះដ៏រ៉ាំរ៉ៃរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសមានចាប់តាំងពីរាប់សិបទស្សវត្តន៍មកម្ល៉េះ ពាក់ព័ន្ធទៅនឹងសិទ្ធិគ្រប់គ្រងក្នុងតំបន់ ហើយក៏មានខ្លះទៀតយល់ឃើញថាជាបញ្ហាសាសនា។ ឥឡូវនេះ តំបន់ហ្គាហ្សានិងតំបន់ West Bank របស់ប៉ាឡេស្ទីនស្ថិតក្នុងកាគ្រប់គ្រងរបស់របស់អ៊ីស្រាអែលដោយមានយោធាអ៊ីស្រាអែលប្រចាំនៅតាមជាយតំបន់ទាំងនោះ៕៕

ប្រភព៖ CNN/BBC
ដោយ៖ កឹម សូម៉ាលី